លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អបអរចំពោះស្នាដៃ និងសមិទ្ធផល ដែលយោធភូមិភាគទី១ សម្រេចបាននៅឆ្នាំចាស់ និងត្រៀមសម្រេចការងារឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី១ និងបណ្តាអង្គភាពចំណុះ ដែលបានយកចិត្តទុកដាក់អនុវត្ត និងសម្រេចបាននូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោកប្រគល់ជូនក្នុងឆ្នាំ២០១៩កន្លងទៅនេះ ក៏ដូចជាកាត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខទៀត ក្នុងនោះសំខាន់ គឺការចូលរួមថែរក្សាសន្តិភាព សន្តិសុខជូនជាតិ និងប្រជាជន។
លោកថ្លែងបែបនេះ នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី១  កាលពីថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០ នេះ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា៖ សមិទ្ធផលការងារទាំងនេះ ស្ដែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពម្ចាស់ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី១ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងឥរិយាបថទាំងនេះ ហើយក៏អាចធ្វើការដកពិសោធន៍ ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រ និងជំរុញផងដែរ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print