ខេត្តប៉ៃលិន ៖ បុរសជាជនសង្ស័យម្នាក់ មានមុខរបររត់ម៉ូតូឌុប ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់កំណត់ បន្ទាប់ពីនារីម្នាក់បានដាក់ពាក្យប្តឹងអះអាងថា រងគ្រោះដោយបុរសរូបនេះប្រើកលល្បិចឌុបតាមម៉ូតូ រួចបង្ហួសចូលក្នុងព្រៃស្ងាត់ធ្វើសកម្មភាពចាប់រំលោភតាមចិត្តចង់រហូតបានសម្រេច ។
យោងតាមដើមបណ្តឹងប្តឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២៖៣០ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួនអូរកម្មករ ស្ថិតក្នុងភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ដើមបណ្តឹងឈ្មោះ ណាង លីដា ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់បាយ មានទីលំនៅនៅភូមិ អូរអំពិល ឃុំទួលពង្រ ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្តឹងពីឈ្មោះ ហ៊ីង ឈៀង ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពីទទួលពាក្យបណ្ដឹងរួច កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ីង ឈៀង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅនៅភូមិ អូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
យោងតាមការបំភ្លឺជូនសមត្ថកិច្ចពីនារីរងគ្រោះខាងលើឲ្យដឹងថា ជនសង្ស័យបាន ឌុប ពីផ្ទះមិត្តភក្តិរបស់នារីរងគ្រោះនៅភូមិអូរឈើក្រំដើម្បីមកកាន់ផ្ទះវិញ ។ លុះធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវមានសភាពស្ងាត់ជ្រងំ ស្រាប់តែបុរសសង្ស័យឈប់ម៉ូតូ ហើយបានប្រើឃ្លាឃ្លោងផ្អែមល្ហែមរបៀបលួងលោមសុំស្នេហ៍តែនាងបដិសេធ ជនសង្ស័យក៏ចាប់នាងផ្ដួល រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច និងបានឌុបជូននាងមកផ្ទះវិញប្រកបដោយសុវត្ថិភាព ។
នាងបំភ្លឺជូនសមត្ថកិច្ចទៀតថា រឿងនេះកើតឡើងព្រោះនាងមិនព្រមទើបនាងសម្រេចចិត្តដាក់ពាក្យ ប្តឹងមកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាត់ការជនសង្ស័យរូបនេះតាមច្បាប់ ដើម្បីឲ្យរាងចាលកុំបន្ត ប្រព្រឹត្តទម្លាប់ទៅថ្ងៃក្រោយទៀត ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ ស សារ៉េត