ទីបំផុត..! ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ មិនមានផ្ទុកនូវវីរុស COVID-19 ខណៈម៉ាឡេស៊ីលើកមុន បញ្ជាក់មានភាពមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាពិតជាមានការទទួលខុសត្រូវចំពោះ បរទេស៤១ជាតិសាសន៍ ពិនិត្យឃើញថា៖ មិនមានផ្ទុកនូវវីរុស COVID-19 ខណៈម៉ាឡេស៊ី បានបង្ហាញពីភាពប្រក្រតីរឿងស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ ថាមានផ្ទុកនូវវីរុស COVID-19 សុទ្ធតែមិនមានភាពច្បាស់លាស់។

បញ្ហានេះឈានដល់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា»

សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល ចេញប្រកាសផ្លូវការថា ស្រ្តីជនជាតិអាមេរិកាំងអាយុ៨៣ឆ្នាំ មិនមានផ្ទុកនូវវីរុស COVID-19 នោះឡើយ ការរកឃើញរបស់ម៉ាឡេស៊ីលើកមុន មានភាពមិនប្រក្រតី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការជាបន្ទាន់មួយដោយបញ្ជាក់ថា ក្រសួងបានឃើញការផ្សព្វផ្សាយព័ត៌មាន អំពីករណីធ្វើតេស្តិ៍អវិជ្ជមានវីរុស COVID-19 លើស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ ប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០, ករណីនេះបានបង្ហាញច្បាស់ថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ រូបនេះ មិនមានផ្ទុកនូវវីរុស COVID-19 នោះឡើយហើយបញ្ជាក់ថាការរកឃើញរបស់ម៉ាឡេស៊ីលើកមុន មានភាពមិនប្រក្រតី។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ក្រោយពីមានការប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី អំពីលទ្ធផលវិជ្ជមានវីរុស COVID-19 លើស្រ្តីរូបនោះ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០មក ក្រសួងសុខាភិបាលកម្ពុជាបានដាក់ចម្ងល់ ទៅលើបច្ចេកទេសនៃការធ្វើតេស្តនេះ ហើយបានធ្វើលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ស្នើសុំឲ្យមានការពិនិត្យឡើងវិញនូវលទ្ធផលវិជ្ជមាននេះ។

យោងតាមការផ្សាយរបស់កាសែត THE STRAITS TIMES នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានសរសេរថា «ឧបនាយករដ្ឋមន្រ្តី Wan Azizah Wan Ismail បាននិយាយនៅថ្ងៃសុក្រទី២១ ខែកុម្ភៈឆ្នាំ២០២០ថា ស្រ្តីវ័យចំណាស់ អាយុ៨៣ឆ្នាំ ដែលបច្ចុប្បន្នកំពុងបានព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់រក COVID-19 ជាមួយនឹងការបង្ហាញលទ្ធផលថា ស្រ្តីរូបនោះមិនមានវីរុសCOVID-19 នេះទេ»

ក្រសួងសង្កត់ធ្ងន់ថា «នេះសបញ្ជាក់ឲ្យឃើញថា ភាពមិនប្រក្រតីនៃលទ្ធផល ដែលបានប្រកាសជាបន្តបន្ទាប់ ដោយអាជ្ញាធរម៉ាឡេស៊ី ធ្វើឲ្យមានការភ័យខ្លាច និងភ័ន្តច្រឡំ សម្រាប់អ្នកដំណើរតាមនាវាMS Westerdam ទាំងអស់ ហើយក៏បានបង្កឲ្យមានការរើសអើង ធ្វើឲ្យអ្នកដំណើរដែលមិនមានផ្ទុកនូវវីរុសCOVID-19 នោះ មានការខកខានជាច្រើនថ្ងៃ ក្នុងការបន្តជើងហោះវិលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ។ ម៉្យាងវិញទៀត ហេតុការណ៍នេះ ក៏បានធ្វើឲ្យមានការប៉ះពាល់ ទៅលើការកើនឡើងនៃការចំណាយមិនចាំបាច់ ក៏ដូចជាមានការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងរបស់ប្រទេស ក៏ជាការបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ»

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីឡើងវិញថា ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្ថានទូតពាក់ព័ន្ធ និងផ្នែកផ្សេងទៀត ដែលបានចូលរួមប្រតិបត្តិការ សុខាភិបាលយ៉ាងសកម្ម ក្រសួងបានពិនិត្យសុខភាព និងធ្វើតេស្តលើសំណាករបស់អ្នកដំណើរ និងអ្នកបម្រើការលើនាវាWesterdam ដែលនៅសេសសល់មានចំនួនសរុបទាំងអស់១,៥៨០នាក់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុស COVID-19 ទាំងអស់។ ដូច្នេះ ករណី ស្រ្តីអាយុ៨៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួតដោយវីរុស COVID-19 នៅប្រទេសម៉ាឡេស៊ី គឺមានលទ្ធផលតេស្តវីរុស COVID-19 មិនប្រក្រតី។

សូមបញ្ជាក់ថា មកដល់ពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ត្រូវបានរកឃើញ មានផ្ទុកវីរុសកូរ៉ូណាថ្មី(COVID-19) នោះឡើយ។ ក្រសួងសុខាភិបាលកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលម៉ាឡេស៊ីក្នុងការឆ្លើយតប និងការពារការចម្លងវីរុស COVID-19 នៅក្នុងប្រទេសក៏ដូចជានៅក្នុងតំបន់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print