ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2019 កញ្ញា ដេត ស្រីនាថ បានប្រកាសពន្យាពេលទទួលយកការងារសិល្បៈមួយចំនួន ដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីនាងទើបនឹងខកខានឱកាសចេញៅប្រកួត កម្មវិធីសម្រស់អន្តរជាតិ Miss Grand International 2019 កាលពីចុងឆ្នាំ ២០១៩ នៅប្រទេសវេណេហ្សូអេឡានោះ។ ខកខានព្រោះតែអ្នកផលិតកម្មវិធីបារម្ភពីសុវត្ថិភាពនាងចេញទៅប្រកួតគ្រាដែលប្រទេសនេះមានបញ្ហាអន្តិសុខនោះ។ បច្ចុប្បន្ន កញ្ញា ដេត ស្រីនាឌ មានអាយុ១៨ឆ្នាំ កម្ពស់ 165cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា ឯកជន និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសផងដែរ។ កញ្ញាអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពរាំរបាំបុរាណខ្មែរ បកស្រាយបទចម្រៀង លេងឧបករណ៍តន្រ្តីព្យាណូ និងដើរម៉ូត ថែមទៀតផង។ ក្រៅពីទេពកោលសល្យសិល្បៈផ្នែកតន្ត្រី និងចំណេះដឹងផ្ទាល់ខ្លួននាងក៏ត្រូវបានគេប្រដូចមុខមាត់ទៅនឹងតារាសម្តែងស្រីម៉ាកសែន សូនីតា ហៅតូតាផងដែរ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ ដេត ស្រីនាថ បញ្ជាក់ថា នាងទើបតែទទួលបានការងារសិល្បៈខ្លះ ប៉ុណ្ណោះ ហើយមិនទាន់ទទួលយកការងារសិល្បៈ ពិសេសផ្នែកសម្តែងដែលប្រើប្រាស់ពេលវេលាយូ។ នាងថាឆ្នាំនេះនាងត្រូវទុកពេលវេលាច្រើនផ្តោតលើការសិក្សា ដែលនាងនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងអំឡុងខែសីហាខាងមុខនេះ។ នាងថាបើទោះបីជាមិនមានបទពិសោធន៍ច្រើនលើការសម្តែងប៉ុន្តែនាងថាមិនមែនជាឧបសគ្គខ្លាំងសម្រាប់នាងឡើយ ប៉ុន្តែនាងត្រូវសំឡឹងមើលពេលវេលានៅថ្ងៃខាងមុខថានាងអាចជ្រៀតចូលវិស័យមួយនេះយ៉ាងដូចម្តេច ខណៈថ្មីៗនេះនាងទើបនឹងបញ្ចប់ការថតម៉ូតសម្លៀកបំពាក់ និងសម្អាងការមួយចំនួននៅភ្នំពេញប៉ុណ្ណោះ។
គួររំលឹកថាកញ្ញា ដេត ស្រីនាឌ ជាប់ជ័យលាភីជាកញ្ញាឯកក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៩ នាងធ្លាប់មានគម្រោងតំណាងកម្ពុជាទៅប្រកួត Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា ដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ប៉ុន្តែត្រូវខកខានព្រោះតែអ្នកផលិតកម្មវិធីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ សម្រាប់ឆ្នាំ ២០២០នេះ ការផលិតកម្មវិធីត្រូវបានផ្លាស់ប្តូដោយការរៀបចំកម្មវិធីក្នុងប្រទេសត្រូវបានផលិតដោយផលិតកម្មមហាហង្សដែលនឹងចាប់ផ្តើមក្នុងពាក់កណ្តាលឆ្នាំ២០២០តទៅ៕ ដោយ វឌ្ឍនា