សង្ខាមើលមិនឃើញ សប្បាយក្លាយជាទុក្ខ នាំសង្សារដើរកម្សាន្តតាំងពីខេត្តសៀមរាប មកលង់ទឹកស្លាប់នៅខេត្តស្ទឹងត្រែង 

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ យុវជនម្នាក់ជាមួយគូសង្សារ និង បុរសម្នាក់ទៀតរួមដំណើរ នាំគ្នាដើរលេងកម្សាន្តនៅខេត្តសៀមរាប និង ខេត្តព្រះវិហារ ហើយក៏បានបន្តដំណើរមកលេងទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ដើម្បីបន្តក្តីសប្បាយ បង្កើតអនុស្សាវរីយ៍ តែជាអកុសល នារីសង្សារត្រូវបានលង់ទឹកស្លាប់ គួរអោយអាណិត។

ហេតុការណ៍លង់ទឹកស្លាប់ខាងលើនេះ សពត្រូវបានគេរាវរកឃើញ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចរមណីយដ្ឋានកោះខេ ស្ថិតក្នុងភូមិគីឡូប្រាំបី សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា៖ នារីរងគ្រោះ ដែលបានលង់ទឹកស្លាប់មានឈ្មោះ លី ស្រីនាថ អាយុ២៣ឆ្នាំ រស់នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា៖ នៅក្នុងហេតុការណ៍ខាងលើនេះដែរ ក៏ត្រូវបានគូសង្សារប្រុសរៀបរាប់ឲ្យដឹងថា៖ រូបគេ និងសង្សារ រួមនឹងមិត្តភ័ក្ដិប្រុសម្នាក់ទៀត បានចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ទៅដើរលេងកម្សាន្តនៅខេត្តសៀមរាប ហើយនៅថ្ងៃទី២១ មកលេងមិត្តភ័ក្ដិនៅខេត្តព្រះវិហារ និងថ្ងៃទី២២ ក៏បន្តដំណើរមកលេងខេត្តស្ទឹងត្រែង នៅរមណីយដ្ឋានកោះខេ ក្នុងដងទន្លេមេគង្គ ក៏ជួបរឿងគ្រោះថ្នាក់ដល់ជីវិត។
យុវជនជាសង្សារ បានឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ រូបគេ នារីជាសង្សារ បាននាំគ្នាដើរលេងលើឆ្នេរខ្សាច់ និងថតយកទេសភាពនៅក្នុងដងទន្លេ ហើយក៏នាំគ្នាដើរឆ្លងពីកោះខ្សាច់មួយទៅកោះខ្សាច់មួយ ខណៈកំពុងឆ្លងនោះ ក៏ចំអន្លង់ដ៏ជ្រៅមួយដែលមានជម្រៅរហូតដល់២០ ម៉ែត្រ លង់នារីរងគ្រោះខាងលើ ហើយខ្លួនក៏បានជួយដែរ តែមិនអាចជួយបាន។ ពេលនោះនារីជាសង្សាររបស់ខ្លួន ក៏បានលិចបាត់ទៅក្នុងអន្លង់នោះតែម្ដង។ សពបានរកឃើញនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០៕

ដោយ៖ សហការី

ក្រោយកើតហេតុ ក៏បានរាយការណ៍ទៅសហគមន៍ទេសចរណ៍ និងអាជ្ញាធរភូមិ/ឃុំ សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុដើម្បីរាវរកនារីរងគ្រោះ តែនៅល្ងាចនោះ មិនអាចរកឃើញនោះឡើយ។

អាជ្ញាធរភូមិ/ឃុំដែលមានអប្បិយជំនឿ ក៏បាននាំគ្នាធ្វើពិធីសែនព្រេនដល់អារុក្ខអារក្ខអ្នកតាថែរក្សាទីទឹកដីដើម្បីរកសពនារីរងគ្រោះ ក្រោយធ្វើពិធីបួងសួងរួច បានរកអ្នកជំនាញខាងមុជទឹករាវរកក្នុងអន្លង់នោះ ក៏បានប្រទះឃើញជនរងគ្រោះនៅរសៀលថ្ងៃ23កុម្ភៈ។

សព ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចពិនិត្យមើលឃើញថា នារីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សពទៅឲ្យក្រុមគ្រួសារ ដែលមកពីភ្នំពេញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

នៅក្នុងហេតុការណ៍នេះ លោកញ៉ែម សារី អភិបាលរងខេត្ត រួមនឹងមន្ទីរទេសចរណ៍ បានចុះមកត្រួតពិនិត្យទីតាំង និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពផងដែរ។

ក្នុងនោះដែរ លោកអភិបាលរង ក៏បានធ្វើការណែនាំដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ឲ្យធ្វើការរៀបចំនូវកន្លែងទេសចរណ៍ទីតាំង ដែលមានសុវត្ថិភាព និងទីតាំងគ្មានសុវត្ថិភាព ត្រូវដាក់ពោងជាសញ្ញាសម្គាល់ ដើម្បីឲ្យភ្ញៀវទេសចរដឹងពីតំបន់គ្រោះថ្នាក់ និងតំបន់គ្មានគ្រោះថ្នាក់ ចៀសវាងមានករណីខាងលើនេះកើតឡើងបន្តទៀត។

លោកអភិបាលរង បានមានប្រសាសន៍ថា នេះជាការធ្វេសប្រហែសដែលបណ្ដាលឲ្យមានករណីនេះកើតឡើង ដូច្នេះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងនៅតាមរមណីយដ្ឋាននានា មិនថាខេត្តស្ទឹងត្រែង ឬនៅតាមបណ្ដាខេត្តណាៗនោះទេ ត្រូវតែមានការប្រុងប្រយ័ត្ន បើពុំនោះទេ វានឹងអាចកើតហេតុផ្សេងៗដែលមិនអាចនឹកស្មានដល់ ធ្វើឲ្យម្ដាយជាទីស្រឡាញ់បានត្រឹមយំសោកបោកប្រាណស្ដាយកូនជាទីស្រឡាញ់តែប៉ុណ្ណោះ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print