បាត់រថយន្តអស់រយះពេល៥ឆ្នាំស្រាប់តែឃើញនៅក្នុងយានដ្ឋាន

ចែករំលែក៖

ខេត្ត​កណ្ដាលៈ រថយន្តមួយគ្រឿង ត្រូវបានជនសង្ស័យលួចនៅរាជធានីភ្នំពេញអស់រយះពេល៥ឆ្នាំមកហើយ ស្រាប់តែចៃដន្យម្ចាស់រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែងក្នុងទឹកដីខេត្តកណ្ដាល ភ្លាមនោះក៏ប្តឹងសមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យដែលលួចរថយន្តរបស់ខ្លួនមកចាត់ការតាមច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ ភ្លាមនោះក៏ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ក្រោមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្ត ដោយមានការសហការជាមួយនគរបាលនៃស្នងការដ្ឋានខេត្ត ព្រៃវែង ,កំពង់ចាម និងមណ្ឌលគិរី បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទឹកដីខេត្តព្រៃវែង ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ថេង សុវត្តឌី អាយុ៣៨ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ទីលំនៅផ្ទះលេខ៨០A ផ្លូវ156 សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ លី ភាន អាយុ៤៥ឆ្នាំ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិតាគាត់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវៃង។ ដោយឡែកវត្ថុតាងដកហូតបានមានរថយន្តដែលបាត់ហើយរកឃើញវិញម៉ាក NISSAN MACH ពណ៌ខ្មៅ ដែលបានកែស្លាកលេខក្លែងក្លាយទៅជាភ្នំពេញ 2C-2067។
ប្រភពដដែលបន្តថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ម៉ោង២ទៀបភ្លឺ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួននៅមុខផ្ទះ ស្រាប់តែមានជនមិនស្គាល់ឈ្មោះបាន លួចរថយន្តរបស់ជនរងគ្រោះដែលទុកនៅមុខផ្ទះនោះយកទៅបាត់។ ក្រោយពីបាត់រថយន្តជនរងគ្រោះ ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ១ តែស្រាវជ្រាវរក តែរកមិនឃើញទេ។ លុះដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះប្រទះឃើញរថយន្តរបស់ខ្លួននៅក្នុងកន្លែងជួសជុលរថយន្តយីហោ ម៉ុន សុគីមហេង ស្ថិតនៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយដូរផ្លាកលេខ ភ្នំពេញ 2C-2067 ក្រោយពីបានឃើញរថយន្តរបស់ខ្លួន ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ។
ប្រភពពីនគរបាលបន្តថា ដោយមានការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងផងនោះ ការស៊ើបអង្កេតអស់រយៈពេល៤ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តស្រុក បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខេត្តមណ្ឌលគីរី ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ភាន នៅទឹកដីខេត្តព្រៃវែង ដើម្បីបន្តចាត់ការអនុវត្តតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print