កូរ៉េ ៖ មន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េនៅថ្ងៃុពុធទី២៥កុម្ភៈនេះបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វេីការ និងសិក្សានៅប្រទេសកូរ៉េ រហូតមកដល់ពេលនេះមិនមាននរណាម្នាក់ផ្ទុកនូវមេរោគកូរ៉ូណាទេ ។
ការបញ្ជាក់បែបនេះ បន្ទាប់ពីព័ត៌មានមួយ ចំនួនផ្សាយថា មានករណីពលករខ្មែរម្នាក់ធ្វើការនៅតំបន់០៤១ សង្ស័យថា មានផ្ទុកមេរោគកូរ៉ូណា Covid-19។
មន្រ្តីទូតសូមបញ្ជាក់ថា ក្រោយពីក្រុមគ្រូពេទ្យជំនាញពិនិត្យរួចរាល់មក មិនមានផ្ទុកនូវមេរោគកូរ៉ូណាទេ ហើយមកដល់ពេលនេះក៏មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកនូវមេរោគនេះដែរ។
មន្រ្តីបានអំពាវនាវ សូមប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ ប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតាតាមការកំណត់របស់រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬស្ថាប័នផ្សេងៗ និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ និងជាពិសេសកុំជឿព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមខ្លះដែលមានលក្ខណៈបំផិតបំភ័យខុសពីការពិតជាក់ស្តែង ៕ ដោយ ៖ ជាយក្រុង