កូនប្រុសលោកជំទាវញ៉ែម មរកត ត្រូវតុលាការកែប្រែបទចោទប្រកាន់ ក្នុងសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ នៅក្លឹបលុច្យសារី

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ នៅក្លឹបលុច្យសារី កាលពីចុងខែឧសភា ឆ្នាំ២០១៩ ដែលបង្កឡើងដោយ ឈ្មោះ រិន សុបញ្ញា ជាកូនប្រុសរបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ត្រូវបានលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរនិងបញ្ជូនទៅជំនុំជម្រះ ហើយ កាលពីខែមករា ឆ្នាំ២០២០ ថ្មីៗនេះ ។

ប៉ុន្តែ អ្វីដែលជាចំណុចសំខាន់ គឺ ចៅក្រមស៊ើបសួរបានសម្រេចចេញដីកាដំណោះស្រាយ ដោយកែប្រែបទចោទប្រកាន់លើជនជាប់ចោទឈ្មោះ រិន សុបញ្ញា ពីបទ “ប៉ុនប៉ងឃាតកម្ម” តាមមាត្រា២៧ និង មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ មកជាបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” តាមមាត្រា២៨១នៃក្រមព្រហ្មទណ្ឌ វិញ ដែលជាបទមជ្ឈិម ។

បញ្ហានេះ ធ្វើអោយជនរងគ្រោះផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានប្តឹងទៅសាលាឧទ្ធរណ៍ ជំទាស់នឹងដីកាដំណោះស្រាយរបស់ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដែលកាសែតនគរវត្តទើបទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បង្ហាញថា ឈ្មោះ សុខ នុន អាយុ ៣៨ឆ្នាំ មានលោក លឹម សូលីតា ជាមេធាវីតំណាងដោយអាណត្តិ បានប្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ សម្រេចបញ្ជូនសំណុំរឿងទៅជំនុំជម្រះ លេខ០៨២ “ធ” ដ.ដ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ។ តាមពាក្យបណ្តឹងឧទ្ធរណ៍ នេះ បានរៀបរាប់អំពីអង្គហេតុ ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោក សុខ នុន បានទៅលេងកម្សាន្ត​នៅក្លឹបលុច្យសារី ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

ពេលទៅដល់និងអង្គុយលេងមួយសន្ទុះ ស្រាប់តែឃើញប្អូនប្រុសលោក គឺ ឈ្មោះ ពេជ្រ បានដើរចេញពីបន្ទប់ទឹកមក ក្នុងសភាពបែកមាត់ឈាមច្រមុះ ហើយប្អូនប្រុសបានប្រាប់ថា “មានគេវាយគាត់” ។ បន្ទាប់មកឈ្មោះ សុខ នុន និង ឈ្មោះ នឹម លីណា ហៅ អារីយ៉ា បានដើរទៅសួរនាំ ។ ឈ្មោះ អារីយ៉ា បានដើរទៅដល់មុខបន្ទប់ទឹក ក៏បានស្រែកសួរថា “មានរឿងអ្វី ម៉េចមិននិយាយជាមួយខ្ញុំសិន ហេតុអ្វីបានជាវាយមិត្តប្រុសខ្ញុំ (ពេជ្រ)” ។

ពេលនោះឈ្មោះ សុខ នុន បានសំដៅទៅរកឈ្មោះ រិន​ សុបញ្ញា ហើយបានសួរថា “ហេតុអ្វីបានជាវាយប្អូនអញ” ? ភ្លាមនោះ ឈ្មោះ រិន សុបញ្ញា បានតបថា “ឯងចង់ម៉េចៗ” រួចឈ្មោះ រិន សុបញ្ញា បានដកកាំភ្លើងបាញ់សំដៅមកឈ្មោះ សុខ នុន និង អារីយ៉ា តែម្តង ចំនួន៣គ្រាប់ បណ្ដាលឲ្យរបួសចំជើងខាងស្តាំរបស់ឈ្មោះ អារីយ៉ា ។ បន្ទាប់មកសន្តិសុខក៏ចាប់ខ្លួនឈ្មោះ រិន សុបញ្ញា បានភ្លាមៗ ប៉ុន្តែក្រោយមកក្រុមសន្តិសុខទាំងនោះក៏បានលែងជនជាប់ចោទទៅវិញផងដែរ ព្រោះដឹងថាជាកូនអ្នកមានអំណាចម្នាក់ ។ ក្រោយពីមានហេតុការណ៍ខាងលើនេះកើតឡើងក្រុមអ្នកសារព័ត៍មានជាច្រើន បាននាំគ្នាផ្សព្វផ្សាយរហូតម្តាយជនជាប់ចោទ សម្រេចនាំកូនប្រុសរបស់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ យោងតាមពាក្យបណ្តឹងឧទ្ធរណ៍ ដដែលនេះ បានបង្ហាញអំពីអង្គច្បាប់ ថា យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្ម គឺ ជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។

យោងតាមអង្គហេតុនិងអង្គច្បាប់ជាក់ស្តែង អាចសន្និដ្ឋានបានថា ឈ្មោះ រិន សុបញ្ញា ដែលបានប្រព្រឹត្តខាងលើ គឺ ជាអំពើមួយដែលមានចេតនាធ្វើអោយលោក សុខ នុន និងអារីយ៉ា បាត់បង់ជីវិត ដោយនៅក្នុងការប្រព្រឹត្តបទល្មើសរបស់ឈ្មោះ រិន សុបញ្ញា គឺមានចេតនាទុច្ចរិចនិងប្រើប្រាស់អាវុធ (កាំភ្លើង) ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះ បង្ហើបប្រាប់កាសែតនគរវត្តថា ក្រោយកើតហេតុ ជនបង្កបានគេចខ្លួន រហូតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ម្តាយរបស់ជនល្មើសបាននាំខ្លួនជនបង្ក ទៅអោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ លុះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលា ការ ។ ដោយ លោកស្រី ស៊ឺ វណ្ណនី ជាព្រះរាជអាជ្ញារង បានចោទប្រកាន់ជនល្មើសពីបទ ប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលជាបទល្មើសឧក្រិដ្ឋ និងស្នើសុំឲ្យឃុំខ្លួន ។ បន្ទាប់មកចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួននិងទៅពន្ធនាគាររាជធានីភ្នំពេញ PJ ។

ប៉ុន្តែជននេះត្រូវបានតុលាការអនុញ្ញាតអោយនៅមន្ទីរពេទ្យ រុស្សី ក្រោមហេតុផល ថាឈឺ រហូតដល់បច្ចុប្បន្ន។ សំណុំរឿងប្តឹងទៅសាលាឧទ្ធរណ៍លេខ៥៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបើកការជំនុំជម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយពុំបានជូនដំណឹងទៅមេធាវីរបស់ជនរងគ្រោះទាំងពីរ និងជនរងគ្រោះ ដើមបណ្តឹងរដ្ឋប្បវេណី។ រីឯសាលាដំបូងរាជធានីភ្នំពេញវិញ លើករឿងយកមកជំនុំជម្រះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ទាំងដែលរឿងនេះគឺជនរងគ្រោះកំពុងប្តឹងឧទ្ធរណ៍ទៅនឹងការសម្រេចកែប្រែបទចោទ ហើយសាលាឧទ្ធរណ៍មិនទាន់សម្រេចក្តីយ៉ាងណានៅឡើយ ប៉ុន្តែមេធាវីដើមបណ្តឹងស្នើសុំលើកពេលដោយហេតុថាសាលាឧទ្ធរណ៍មិនទាន់សម្រេចក្តីករណីខាងលើ ។ សូមបញ្ជាក់ថា ក្រោយជំនុំជំម្រះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ប្រកាសសាលដីកាភ្លាម ដោយជនរងគ្រោះ យល់ថា ហាក់មានការរៀបចំ ទុកជាមុុនព្រោះមានភាពមិនប្រក្រតីដោយសារជំនុំជម្រះមិនជូនដំណឹងទៅដើមបណ្តឹង និងមេធាវី ហើយ សម្រេចភ្លាមៗ ដោយប្រើពេលតែមួយសប្តាហ៍ គិតពីថ្ងៃដែលសាលាឧទ្ធរណ៍ទទួលសំណុំរឿងពីសាលាដំបូង ។

បន្ទាប់ពីប្រកាសសាលដីកាភ្លាមៗទាំងមិនបានជូនដំណឹងមកដើមបណ្តឹង និងមេ ធាវីកាពារក្តីនោះ ជនរង គ្រោះក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីទាំងពីរបានប្តឹងសាទុក្ខទៅតុលាការកំពូល បន្តទៀត ដោយតុលាការហាក់មិន ដឹង ឬ ធ្វើមិនដឹង ទាំងដែល ជនរងគ្រោះ ក៏ដូចជាសាក្សីដែលនៅកន្លែងកើតហេតុបានឆ្លើយ ចំពោះមុខតុលាការ ថា សកម្មភាពរបស់ជនល្មើសគឺមានចេតនាសម្លាប់ជនរងគ្រោះ ដោយដកកាំភ្លើងបាញ់សំដៅមកជនរងគ្រោះក្នុងចម្ងាយប្រហែល៥ម៉ែត្រ ក្នុងមណ្ឌលកម្សាន្ត បែរជាបុគ្គលនេះយកអាវុធចូល ហើយថែមទាំងបានបញ្ចូលគ្រាប់រួចជាស្រេច គឺ បានបញ្ជាក់ ថាជនល្មើសមានចេតនាសម្លាប់មនុស្ស រួចជាស្រេច។

ជនរងគ្រោះ សំណូមពរដល់ តុលាការកំពូលគួរតែចោទប្រកាន់ពីបទល្មើសប៉ុនប៉ងឃាតកម្ម កាន់កាប់ ប្រើប្រាស់អាវុធខុសច្បាប់ ។ ដោយជនរងគ្រោះបានស្នើសុំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយធ្វើអន្តរាគមន៍រកយុត្តិធម៍ ដើម្បីជៀសវាងមជ្ឈដ្ឋានទូទៅវាយតម្លៃថា កូនអ្នកមាន កូនអ្នកធំ អ្នកមានអំណាច អាចរួចផុតពីសំណាញច្បាប់ និងលុបបំបាត់វប្បធម៌និទណ្ឌភាពក្នុងសង្គមខ្មែរ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print