វិភាគព័ត៌មានអន្តរជាតិ៖ ចាប់ផ្តើមធ្វើសង្គ្រាមហើយ តួកគីវាយប្រហារសងសឹកសម្លាប់ទាហានស៊ីរីជាច្រើន

ចែករំលែក៖

ប្រទេសតួកគី៖ ពលរដ្ឋស៊ីរីធ្លាក់ក្នុងដំណាក់កាលសង្គ្រាមជាថ្មីម្តងទៀត ដោយពេលនេះគឺសង្គ្រាមវាយប្រហារ រវាងស៊ីរី និងតួកគី ។ សង្គ្រាមនាពេលកន្លងមក ពិតមែនតែធ្វើឲ្យពលរដ្ឋស៊ីរី ស្លាប់ និងជម្លៀសចេញពីប្រទេសជាច្រើន ប៉ុន្តែស៊ីរីមិនបាត់បង់ទឹកដីនោះឡើយ។ប៉ុន្តែសង្គ្រាមជាមួយតួកគី នាពេលនេះអាចធ្វើឲ្យ ស៊ីរី ត្រូវបាត់បង់ទឹកដី មួយចំនួនធំជាក់ជាមិនខាន។
កន្លងមក ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អាមេរិក អ៊ីស្រាអែល និងតួក គី មានបំណងហែកទឹកដីស៊ីរី ចែកគ្នា ដោយ អ៊ីស្រាអែល រំកិល ព្រំដែន នៅតំបន់ហ្គោឡែន កាន់តែជ្រៅក្នុងទឹកដីស៊ីរី ។ ចំណែកអាមេរិក វិញ បានប៉ូបយកប្រេងនៅខាងក្នុងទឹកដីស៊ីរី ស្ថិតនៅក្នុងតំបន់ដែលអាមេរិក គ្រប់គ្រង មិនខ្វល់ពីការថ្កោលទោស របស់រុស្ស៊ី ស៊ីរី ឬសហគមន៍អន្តរជាតិនោះឡើយ។ អាមេរិក ខិតខំ រកចំណូលមកវិញ ក្រោយការចំណាយ ជាច្រើនក្នុងសង្គ្រាមស៊ីរីនាពេលកន្លងមក ។
ដោយឡែកនៅក្នុងប្រទេសតួកគីវីញ ដែលមានកម្លាំងទាហាននៅក្នុងទឹកដីស៊ីរីស្រាប់ គ្រប់គ្រង់ទឹកដីស៊ីរី ៣០ គីឡូម៉ែត្រពីព្រំដែន ពេលនេះអាចនឹងពង្រីកការគ្រប់គ្រងបន្ថែមទៀតទឹកដីស៊ីរី ។ កន្លងមក តួកគី បញ្ជូនទាហានវាយប្រហារក្រុមឧទ្ទាម ប៉ុន្តែពេលនេះ មិនមែនឧទ្ទាមទៀតឡើយ គឺកម្លាំងទាហានរដ្ឋាភិបាល ។
ចំពោះរុស្ស៊ីវិញ ដែលបានជួយដល់ស៊ីរីនាពេលកន្លងមក គឺដើម្បីសាកល្បងអាវុធរបស់ខ្លួននៅក្នុងសង្គ្រាមពិតតែប៉ុណ្ណោះ មិនបានជួយដល់កម្លាំងទាហានស៊ីរី ជាដុំកំភួន ណាមួយនោះឡើយ ។ រុស្ស៊ីបានសាកល្បងអាវុធរាប់រយប្រភេទ ក្នុងនោះមានទាំងយន្តហោះចម្បាំងជំនាន់ទី ៥ផងដែរ គឺ Su-57។
បើទោះបីរុស្ស៊ី មិនទទួលបានផលប្រយោជន៍ពីការចូលរួម ក្នុងសង្គ្រាមនៅស៊ីរី ប៉ុន្តែរុស្ស៊ី ទទួលបានបទពិសោធពិត ក៏ដូចជាសាកល្បង អាវុធក្នុងសមរភូមិពិត ជួយឲ្យវិស័យឧស្សាហកម្មអាវុធការពារជាតិ រុស្ស៊ី កាន់តែពេញនិយមនៅលើទីផ្សារអន្តរជាតិ ។ ប្រទេសជាច្រើន ជុំវិញពិភពលោក បានសម្រេចទិញអាវុធពីរុស្ស៊ី មានតម្លៃថោកជាង អាវុធទិញពីអាមេរិក និងអឺរ៉ុប ។ ទាំងនោះក៏ជាផលលាភ ដែលរុស្ស៊ីទទួលបានពី ការចូលរួមក្នុងសង្គ្រាមនៅស៊ីរី នោះ។
ពេលនេះរុស្ស៊ីគ្មានអ្វីត្រូវលូកដៃ នៅក្នុងប្រទេសស៊ីរី ទៀតឡើយ ដោយទាហានស៊ីរីបានយកឈ្នះទៅលើក្រុមឧទ្ទាម ។ សង្គ្រាមនៅក្នុងប្រទេសស៊ីរីពេលនេះគឺរវាងប្រទេសនិងប្រទេស ដូច្នេះរុស្ស៊ី ត្រូវតែនៅឲ្យឆ្ងាយ ពីសង្គ្រាមនោះ ។
ក្រោយការប្រកាសសង្គ្រាមវាយប្រហារស៊ីរី យន្តហោះវាយលុកគ្មានមនុស្សបើក របស់តួកគី បានវាយប្រហារទៅលើទីតាំង ទាហានរដ្ឋាភិបាលស៊ីរី នៅតំបន់ Maarat al-Numan និងSaraqeb ស្ថិតនៅក្នុងខេត្ត Idlib។
អង្គការសិទ្ធិមនុស្សស៊ីរី SOHR កាលពីថ្ងៃទី ២៨ខែកុម្ភៈ បានប្រកាសថា មានទាហានស៊ីរី ១១នាក់ស្លាប់  និងរងរបួសជាច្រើន ដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក ។ តាមការលើកឡើងរបស់ SOHR បានបញ្ជាក់ថា ការវាយប្រហារ គឺសំដៅទៅលើទីតាំងទាហានស៊ីរីស្ថិតនៅកណ្តាលទីក្រុង Idlib ។
ការវាយប្រហារខាងលើ ជាការសង់សឹកទៅលើកម្លាំងទាហានស៊ីរី ដែលបានវាយប្រហារទៅលើទាហានតួកគីបណ្តាលឲ្យស្លាប់ ៣៣នាក់ និងរបួសជិត ៤០នាក់ ។
ជាមួយគ្នានោះដែរ សេតវិមាន កាលពីថ្ងៃទី ២៨ខែកុម្ភៈ បានអំពាវនាវដល់ តួកគីនិងស៊ីរី បញ្ឈប់សកម្មភាពយោធា នៅក្នុងខេត្ត Idlib ។ ការវាយប្រហារគ្នាទៅវិញទៅមកនិងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយ ជំរុញឲ្យស៊ីរីធ្លាក់ក្នុងវិបត្តិកាន់តែខ្លាំង ។
ក្រោយប្រកាសធ្វើសង្គ្រាមជាមួយស៊ីរី តួកគី បានហាមរុស្ស៊ីលូកដៃ គាំទ្រស៊ីរីជួយដល់កម្លាំងទាហានរដ្ឋាភិបាល ។ ដើម្បីធានាថារុស្ស៊ីមិនលូកដៃ តួកគីបានឡើងគម្រោង បិទច្រកសមុទ្រ Bosphorus មិនឲ្យនាវា ចម្បាំងរុស្ស៊ីឆ្លងកាត់។
ការបិទច្រកសមុទ្រនោះ នឹងប៉ះពាល់យ៉ាងខ្លាំង ដល់នាវាចម្បាំង នាវាដឹកទំនិញនានា ឆ្លងកាត់ទីនោះ។ ប៉ុន្តែ តួកគី បានហាមតែនាវាចម្បាំងឆ្លងកាត់តែប៉ុណ្ណោះ ចំណែកនាវា ដឹកទំនិញ គឺអាចឆ្លងកាត់ធម្មតា បាន។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ រុស្ស៊ីបានត្រួតពិនិត្យ មុនពេលសម្រេចបិទច្រកសមុទ្រ Bosphorus និង Dardanelles រារាំងនាវាចម្បាំងរុស្ស៊ី ទៅកាន់ស៊ីរី ក្នុងពេលដែលតួកគី និងស៊ីរីឈានដល់ដំណាក់កាលធ្វើសង្គ្រាមជាថ្មី ។
តាមច្បាប់ មាត្រាទី ២០ និង ២១ នៃសន្ធិសញ្ញា Montreux ឆ្នាំ ១៩៣៦ ស្តីពី ផ្លូវចរាចរណ៍ដែនសមុទ្រដ៏សំខាន់មួយនេះ តួកគីអាចនឹងបិទច្រកសមុទ្រនេះបានស្របតាមច្បាប់ក្នុងករណី តួកគីប្រឈមគ្រោះថ្នាក់ដោយយោធា ។
ការសម្រេចបិទច្រកសមុទ្រកើតឡើងក្រោយពេល រុស្ស៊ីបានបញ្ជូននាវាចម្បាំងពីរគ្រឿងចេញពីសមុទ្រខ្មៅ ឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់តិច ទៅជួយដល់កម្លាំងទាហានស៊ីរី។ នៅពេលនេះ តួកគីមិនទាន់ប្រកាស ថាត្រូវបិទដែនអាកាសហាមយន្តហោះចម្បាំងរុស្ស៊ីហោះហើរឆ្លងកាត់ដែរឬទេ។ ប្រសិនបើរុស្ស៊ីមានសកម្មភាពជួយដល់ស៊ីរី នោះតួកគី និងបិទទាំងច្រកសមុទ្រ និង ដែនអាកាស។
សូមបញ្ជាក់ផងដែរថា កម្លាំងទាហានរុស្ស៊ី មុនពេលចូលទៅទឹកដីស៊ីរី គឺត្រូវឆ្លងកាត់ដែន សមុទ្រ និងដែនអាកាសប្រទេសតួកគីទើបអាចចូលដល់ទឹកដីស៊ីរី ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print