ខេត្ដព្រះសីហនុ៖ ប្រជានេសាទសមុទ្រ ទឹករាក់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុក ព្រៃនប់ ខេត្ដព្រះសីហនុបានខ្សឹបប្រាប់ថា បន្ទាប់ពីមានឈ្មួញចូលមកស្នើសុំច្បាប់ចិញ្ចឹមគ្រែងឈាម ហើយត្រូវអាជ្ញាធរ ស្រុកបដិសេធនោះមកនៅរសៀលថ្ងៃ ទី៦និងព្រឹកថ្ងៃទី៧ ខែមករា ស្រាប់តែ មានអ្នកដើរបំផុសឱ្យអ្នកស្រុកនៅទីនោះនាំគ្នីគ្នាចុះទៅដោតបង្គោលហ៊ុមព័ទ្ធទឹក សមុទ្រត្រង់ចំណុចដែលគេស្នើសុំនោះ ដើម្បីដណ្ដើមកាន់កាប់ធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យបំផុត ។
មន្ដ្រីសាលាស្រុកព្រៃនប់ម្នាក់សុំមិនប្រាប់ឈ្មោះបានខ្សឹបប្រាប់ថា ការបង្ក ភាពអនាធិបតេយ្យលើទីតាំងស្នើសុំចិញ្ចឹមគ្រែងឈាមមិនបានសម្រេចនោះ គឺជា ស្ដាយ (រចនាបថថ្មីមួយទៀតរបស់អ្នក រត់ការ ជាពិសេសអាជ្ញាធរមូលដ្ឋាននោះ តែម្ដង) ។ មិនតែប៉ុណ្ណោះក៏មានព័ត៌មាន ផ្សេងទៀតនិយាយថា អាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាជាមួយឈ្មួញថ្មីដែល មានបំណងចិញ្ចឹមគ្រែងឈាម ដោយពួក គេខិតខំជួយរត់ការគ្រប់ច្រកល្ហកដើម្បីឱ្យបានសម្រេចតែជាអកុសលត្រូវបាន បែកការណ៍ដឹងដល់រាស្ដ្រ ក៏បង្កការក្ដៅ ក្រហាយហើយពលរដ្ឋនាំគ្នាផ្ដិតមេដៃ ស្វែងរកកិច្ចអន្ដរាគមន៍ពីសំណាក់ថ្នាក់ ដឹកនាំ ទើបការរត់ការនោះត្រូវបរាជ័យ ធ្វើឱ្យក្រុមជនទុច្ចរិតខឹងសម្បារដើររក រឿងប្រជាពលរដ្ឋស្លូតត្រង់និងបំផុសឱ្យ រាស្ដ្រចុះទៅចាប់យកសមុទ្រដោយខុស ច្បាប់ ។
ទង្វើបែបនេះត្រូវបានគេដឹងថា ពេល ដែលប្រជារាស្ដ្រដណ្ដើមកាន់កាប់បានស្ងប់ស្ងាត់បន្ដិចពួកគេក៏នឹងចាប់ផ្ដើម ប្រមូលទិញសមុទ្រទឹករាក់នោះពីរាស្ដ្រ វិញក្នុងតម្លៃថោកៗព្រមទាំងបានប្រមូលស្នាមមេដៃប្រជារាស្ដ្រមកគាំទ្រពួកគេក្នុងគោលបំណងបញ្ចប់ការតវ៉ាប្រឆាំង ហើយពេលនោះពួកគេនឹងរត់ការច្បាប់ នោះម្ដងទៀត ។
ទង្វើបែបនេះពួកគេធ្លាប់ទទួលបាន នូវលាភសក្ការៈច្រើនក្នុងការឃុបឃិតគ្នាលក់ដីព្រៃលិចទឹកឱ្យទៅជនជាតិកូរ៉េ ប្រមាណជាង៦០០ហិកតានៅតំបន់កោះខ្យងនោះ ។
គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានភូមិ កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់បាន ឃុបឃិតគ្នាជាមួយឈ្មួញរត់ការសុំច្បាប់ ចិញ្ចឹមគ្រែងឈាមនៅតំបន់សមុទ្រទឹក រាក់ក្នុងភូមិកោះខ្យងតែត្រូវប្រជាពល រដ្ឋចំនួន៨១គ្រួសារផ្ដិតមេដៃប្ដឹងតវ៉ា ស្វះស្វែងរកកិច្ចអន្ដរាគមន៍ទប់ស្កាត់ទើបធ្វើឱ្យអាជ្ញាធរស្រុកបដិសេធចោល ។
លោក ទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា លោកមិនអាចអនុញ្ញាត ច្បាប់បានទេព្រោះមានការប៉ះពាល់ច្រើន ណាស់ ។
ពាក់ព័ន្ធនឹងករណីនេះដែរប្រធានមន្ទីរ បរិស្ថានឧទ្យានជាតិរាមលោកនៅកា រុន មិនអាចសុំការបំភ្លឺបានទេ ប៉ុន្ដែកន្លង មកលោកបានឱ្យដឹងថា ទីតាំងដែលឈ្មួញ ស្នើសុំចិញ្ចឹមគ្រែងឈាមនោះស្ថិតនៅក្នុងតំបន់ឧទ្យានជាតិរាម ទោះបីភាគីជលផល ឯកភាពក៏ឧទ្យានជាតិមិនឯកភាពដែរ ព្រោះមានការប៉ះពាល់ដល់ការស់នៅ ប្រកបរបរនេសាទ ចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ពលរដ្ឋចំនួន៣ឃុំឯណោះ ។
ប្រធានខណ្ឌរដ្ឋបាលជលផលខេត្ដព្រះសីហនុបានឱ្យដឹងថា លោកកំពុងរៀបចំ របាយការណ៍ដាក់ជូនថ្នាក់ដឹកនាំហើយ ចំពោះរឿងនេះ ៕
ដោយ៖ ឆ្លាមសមុទ្រ