ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃដដែល ។
ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។ ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់។
នៅពេលនេះបុរសខាងលើបានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្ថកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូនោះទេ ៕
ដោយ ៖ ភារ៉ា ដង្កោ