ខេត្ដឧត្ដរមានជ័យ៖ សំណើសុំដឹក ជញ្ជូនឈើដើម្បីយកទៅសាងសង់អគារ របស់អធិការដ្ឋាននគរបាលក្រុងសំរោង ពេលនេះត្រូវបានក្រុមឈ្មួញទិញយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើឆ្លង កាត់ខេត្ដឧត្ដរមានជ័យ ដើម្បីយកទៅ លក់តាមគោលដៅនានា ដោយមិន មានសមត្ថកិច្ចពាក់ព័ន្ធហ៊ានក្អកឡើយ ។
ប្រភពបានឱ្យដឹងថាឈើជាច្រើនម៉ែត្រគូបត្រូវបានគេដឹកជញ្ជូនស្ទើរតែរាល់យប់ ដោយចេញពីស្រុកត្រញំងប្រាសាទខេត្ដ ឧត្ដរមានជ័យ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅកាន់ស្រុកចុងកាល់យកទៅចែកចាយតាមដេប៉ូនានា ដោយគេប្រើប្រាស់ សំណើសុំដឹកឈើដើម្បីសាងសង់អគារ អធិការដ្ឋាននគរបាលស្រុកសំរោង សម្រាប់បង្ហាញសមត្ថកិច្ចពាក់ព័ន្ធក្នុង ការដឹកជញ្ជូនឈើទាំងនោះ ។
សំណើសុំដឹកឈើដើម្បីសាងសង់អគារអធិការដ្ឋាននគរបាលក្រុងសំរោង ចុះថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៥ ដោយលោកវរ សេនីយ៍ត្រី ស៊ុន សាន អធិការនគរបាល ក្រុងសំរោង និងមានការឯកភាពពីលោក ឧត្ដមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរ បាលខេត្ដ និងលោក ស ថាវី អភិបាល ខេត្ដឧត្ដរមានជ័យបានសរសេរថា “បច្ចុប្បន្ន អធិការដ្ឋាននគរបាលក្រុងសំរោងកំពុង សាងសង់ថ្មី ដោយមានការខ្វះខាតឈើ មួយចំនួនហេតុនេះ ខ្ញុំស្នើសុំដឹកឈើ ប្រភេទលេខ២ចំនួន៣៥ម៉ែត្រត្រីគុណ ពីស្រុកត្រញំងប្រាសាទដើម្បីយកមក សាងសង់អគារអធិការដ្ឋាននគរបាល ក្រុងសំរោងនៅក្រុងសំរោង ខេត្ដឧត្ដរ មានជ័យ” ។
ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថា តើអគាររបស់ អធិការដ្ឋាននគរបាលក្រុងសំរោងសង់ ទំហំប៉ុនណាទៅ បើដឹកឈើជាងមួយឆ្នាំ ទៅហើយមិនចេះរួចសោះ ។
ចំពោះករណីនេះ នគរវត្ដមិនអាចសុំ ការបំភ្លឺពីលោកវរសេនីយ៍ត្រី ស៊ុន សាន អធិការនគរបាលក្រុងសំរោងបានទេ ដោយ លោកមានប្រសាសន៍ថា កំពុងជាប់បំពេញ ភារកិច្ចនៅប្រទេសវៀតណាម ។
ដោយឡែកលោកឧត្ដមសេនីយ៍ត្រី ម៉ែន លី បានត្រឹមតែថ្លែងថា រឿងនេះ ចាំលោក ស៊ុន សាន ត្រឡប់មកវិញ លោក នឹងបញ្ជាក់ ។
ប្រភពបានរាយការណ៍ថា សមត្ថកិច្ច នគរ បាលក្រុងសំរោងនិងនគរបាលខេត្ដ ឧត្ដរមានជ័យមានផលប្រយោជន៍ជាខ្លាំង ចំពោះលិខិតសុំមួយសន្លឹកនោះ ដឹក ឈើជាងមួយឆ្នាំទៅហើយនៅតែមិនគ្រប់ ហើយអគារអធិការដ្ឋានក្រុងនៅតែធ្វើ មិនទាន់ហើយទៀត ៕
ដោយ៖ ហេង នរិន្ទ្រ