ការបោះឆ្នោតនៅអុីស្រាអែល ជាលើកទី៣ក្នុងរយៈពេលមួយឆ្នាំ គឺចាប់ផ្តើមឡើងកាលពីថ្ងៃទី២ខែមីនា ឆ្នាំ២០២០ គឺជាការបោះឆ្នោតលើកទី៣ហើយក្នុងរយៈពេល១ឆ្នាំ កន្លងមក។ នៅពេលនេះនាយករដ្ឋមន្ត្រីអុីស្រាអែលលោក Benjamin Netanyahu បានប្រកាសថា លោកទទួលបានជ័យជម្នះ ។ លោកណេតាន់យ៉ាហ៊ូប្រកាសថា លោកនឹងបង្កើតរដ្ឋាភិបាលចម្រុះ។ នៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ណេតាន់យ៉ាងហ៊ូ បានអរគុណដល់ពលរដ្ឋ ដែលបន្តគាំទ្រលោក។ លោកបានបញ្ជាក់ទៀតថា នេះជាជ័យជម្នះរបស់ពលរដ្ឋ
អុីស្រអែល។ ប្រធានមជ្ឈមណ្ឌល ប្រជាធិបតេយ្យនៅ
អុីស្រាអែល លោក YohananPlesner បានប្រកាសថា បើតាមការព្យាករណ៍ លោក ណេតាន់យ៉ាហ៊ូនឹងទទួលបានភារកិច្ចនយោបាយដ៏សំខាន់ពីពលរដ្ឋអុីស្រាអែលក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន។ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអុីស្រាអែលប្រឈមនឹងការកាត់ទោសនៅថ្ងៃទី១៧ ខែមីនា ខាងមុខ ពីបទពុករលួយទទួលសំណូក និងបំពានទំនុកចិត្តរបស់ពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា លោក ណេតាន់យ៉ាហ៊ូជានាយករដ្ឋមន្ត្រីអុីស្រាអែលដែលកាន់តំណែងយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។
បណ្តាញទូរទស្សន៍អុីស្រាអែលបានផ្សាយថា នាយករដ្ឋមន្ត្រីអុីស្រាអែល អាចទទួលបាន៦០កៅអីក្នុងសភា។ ប៉ុន្តែគណបក្សរបស់លោកនាយករដ្ឋមន្រ្ដីនៅខ្វះមួយកៅអីទៀត ទើបគ្រប់ចំនួនកៅអី ៦១ ក្នុងចំណោម១២០កៅអី នៃសភា ដើម្បីបង្កើតរដ្ឋាភិបាល៕