លេចធ្លាយរឿង ទូច ស្រីលក្ខណ៍លែងលះស្វាមីជាង២ឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ ត្រូវបានគេសង្ស័យថាលែងលះស្វាមីដែលមានសញ្ជាតិន័រវ៉េសនោះហើយក្រោយពីនាងតែងបញ្ចេញសារបែបអ្នកខូចចិត្តនឹងរឿងស្នេហានោះ។ ដំណឹងចុងក្រោយបានបញ្ជាក់ថា តារាស្រីរូបនេះពិតជាបានលែងលះស្វាមីមែន ហើយការបែកគ្នាដោយសន្តិវិធីនេះមានរយៈពេលជាង២ឆ្នាំមកហើយ។

គេចាំបានថា តារាសម្តែង ទូច ស្រីលក្ខណ៍បានរៀបការស្វាមីសញ្ជាតិន័រវ៉េស ដើមកំណើតអង់គ្លេស លោក ម័រថេន ក្វាមេន តាំងពីឆ្នាំ២០១១ ក្រោយរៀបការរួចនាងបានផ្ទាកពីការងារសិល្បៈរហូតដល់ឆ្នាំ២០១៧ ទើបនឹងសម្រេចវិលរកសិល្បៈជាថ្មីជាមួយនឹងដំណឹងខ្សិបខ្សៀវមិនដាច់អពីការចែកផ្លូវគ្នាដើរជាមួយស្វាមី។  ទោះជាយ៉ាងណាតារាស្រីរូបនេះតែងតែប្រកែក ថាមិនបានចែកផ្លូវគ្នាដើរនោះទេ ប៉ុន្តែគេតែងឃើញនាងសោកសៅជាមួយការពោលពាក្យប្លែកទៅកាន់មិត្តរួមអាជីព។ ប្រភពពីអ្នកសិល្បៈម្នាក់បានលើកឡើងថា តារាស្រីរូបនេះពិតជាបានចែកផ្លូវគ្នាដើរជាមួយស្វាមីមែនដោយបន្សល់កូនប្រុសម្នាក់ដែលនាងកំពុងមើលថែ និងរស់នៅរួមគ្នានៅផ្ទះមួយដែលជាចំណែកចែកក្រោយលែងលះ។ ប្រភពថា ស្រីលក្ខណ៍វិលរកសិល្បៈដើម្បីបន្លប់ការខូចចិត្ត និងឱកាសជួបជុំអ្នកគាំទ្រ និងអ្នករួមអាជីព។ ទោះជាយ៉ាងណាកូនប្រុសនាងទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីនាងដែលសូម្បីការសិក្សាក៏ត្រូវបានចូលក្នុងសាល្អផងដែរ។ អ្នកសិល្បៈដែលដឹងរឿងតែងលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យនាង ហើយអ្នកគាំទ្រជាច្រើនបានសរសើរពីទឹកចិត្តដែលនាងតស៊ូដើម្បីជីវិត ពិសេសកូនប្រុសដែលជាកម្លាំងចិត្តធំបំផុតសម្រាប់នាង។ ប្រភពបន្តថា បទពិសោធន៍ជីវិតស្នេហាប្រះស្រាំបានជំរុញឲ្យនាងក្លាយជាមនុស្សស្រីដែលអាចនិយាយរឿងរ៉ាវស្នេហា និងចែករំលែកបទពិសោធន៍ស្នេហាបានច្រើនទៅកាន់អ្នកគាំទ្រ។ បទចម្រៀងអប់រំបែបសង្គមគ្រួសារជាច្រើនបន្ទាប់ត្រូវបានបញ្ចេញ ពិសេសបទចម្រៀងOriginal Songដែលរៀបរាប់ពីសង្គមគ្រួសារបែកបាក់នោះ។ ប្រភពលើកឡើងដែរថា ឈុតឆាកសម្តែងដែលនាងលេងនៅលើឆាកមិនពិបាកនឹងសម្រក់ទឹកភ្នែកទេ ខណៈរឿងរ៉ាវជីវិតគ្រួសារបែកបាក់ពិតប្រាកដរបស់នាងក៏ត្រូវបានបញ្ចូលក្នុងសាច់រឿង និងខ្លឹមសារបទចម្រៀងដែរ។  មិនទាន់មានពន្លឺនៃការវិលរួមរស់ជាមួយគ្នាវិញនៅឡើយ ខណៈ កូនប្រុសដែលមានសញ្ជាតិកំណើតពីឪពុកនោះក៏នឹងមានសិទ្ធចេញទៅសិក្សា និងរស់នៅប្រទេសន័រវ៉េសនៅថ្ងៃខាងមុខផងដែរ៕

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print