ខេត្តកណ្តាល៖ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ប្រតិកម្មយ៉ាងខ្លាំងក្រោយទទួលព័ត៌មានថា លោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល យកឈ្មោះគាត់ ពីមុនជាអភិបាលខេត្តកណ្តាលទៅបញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ជាការប្រមាថធ្ងន់ធ្ងរដល់អំណាចគណៈបញ្ជាការឯកភាពខេត្ត ហើយធ្វើមន្ត្រីថ្នាក់មូលដ្ឋានខ្លាចរអា ដោយមិនដឹង ពីលោកស្នងការរងរូបនេះមានគំនិតទុច្ចរិត
ពេលនេះរឿងដ៏ព្រហើន ប្រព្រឹត្តប្រព្រឹត្តដោយ លោកផ្កាយ១ ស្រេង សុខា ឈានដល់ដំណាក់ការវីវរហើយ ! គឺអតីតៈអភិបាលខេត្តកណ្តាល បញ្ជាអោយដកតំណែងលោកផ្កាយ១ ស្រេង សុខា ស្នងការរងខេត្តកណ្តាល ដែលថ្លើមធំយកឈ្មោះលោក បញ្ជាចៅសង្កាត់រកាខ្ពស់ ស៊ីញ៉េដីរដ្ឋជាង៤០ហិកតា ជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរ ក្នុងនាមខ្លួនជាសមត្ថកិច្ច។
សូមរម្លឹកថា៖ លោកម៉ៅ ភិរុណ កាលជំនាន់នៅជាអភិបាលខេត្តកណ្តាល និង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយទាល់តែបាន ព្រោះថ្លើមធំខ្លាំងណាស់ ហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ អោយកាត់ដីរដ្ឋជាង៤០ហិកតា ។
លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង កណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយដឹងនៅរសៀលថ្ងៃទី៥ ខែមីនា នេះ ថា លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ពិតជាបានបញ្ជាលោកបែបនេះមែន ។ លោក ឈឿន សុចិត្ត អះអាងថា ពេលនេះលោកកំពុងចាត់ការករណីនេះ ហើយ ។
ដោយឡែកអង្គភាព នគរដ្រេហ្គន នៅពុំទាន់សុំការបញ្ជាក់បន្ថែមទៀតពីលោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល និង លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ បានទេ ដោយសារទូរស័ព្ទជាច្រើនលើកគ្មានអ្នកទទួល ។
បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបង្ហើបថា៖ លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាល បានយកអំណាចខ្លួននិងយកឈ្មោះលោក ម៉ៅ ភិរុណ កាលនៅជាអភិបាលខេត្តកណ្តាល បានគំរាម លោក ឈឿង ឆូ ចៅសង្កាត់រកាខ្ពស់ អោយសុីញ៉េយកដីសម្បត្តិរដ្ឋ ជាង៤០ហិកតា នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលធ្វើអោយរឿងនេះមិនត្រូវបញ្ចប់ឡើយ ក្នុងនោះមិនត្រឹមបញ្ជាអោយលោក ឈឿន សុចិត្ត ធ្វើតាមនីតិវិធីដកតំណែងប៉ុណ្ណោះទេ អាចឈានដល់បណ្តឹងតាមផ្លូវតុលាការក៏អាចថាបាន។
សូមរម្លឹកថា៖ លោកស្នងការរង ស្រេង សុខា កន្លងមកមានរឿងមិនចេះចប់ មិនចេះហើយ បង្ហាញអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ភាពហឺហា បោះលុយដ៏សំញ៉ែងចូលស្តីដណ្តឹងកូនក្រមុំអ្នកលឿងផ្តល់ថ្លៃទឹកដោះ ១០មុឺនដុល្លារ រហូតដល់ល្បីផង ទទួលការរិៈគន់ពីមជ្ឈដ្ឋានមន្ត្រីរាជការ ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏បានចំណាត់ការក្នុងរឿងនេះ។ ប៉ុន្តែត្រូវបានរួចខ្លួនមួយគ្រា ពីការស្រាវជ្រាវរកពីប្រភពចំណូលពីបុគ្គលនេះ។
អ្នកក្រុងតាខ្មៅបានលើកឡើងថា៖ ។ លោកស្នងការរង ស្រេង សុខា បើកអាជីវកម្មផ្ទះសំណាក់ក៏រំខានដល់អ្នកជិតខាង ជាមួយនឹងការផ្តល់ទីតាំងអោយក្មេងដ៏ពពាក់ពពូនគ្នាមកស្នាក់នៅ ប្រើប្រាស់សារធាតុញៀន រហូតដល់អាជ្ញាធរ សមត្ថកិច្ចចុះធ្វើរដ្ឋបាល ឃាត់ខ្លួនបានជាច្រើននាក់បញ្ជូនទៅតុលាការ៕
ដោយ៖ សុខ ខេមរា