ប្រទេសចិន៖ ក្នុងពេលដែលបណ្តាប្រទេសជុំវិញពិភពលោក មានករណីឆ្លងរាលដាលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានអ្នកស្លាប់និងឆ្លងច្រើនជាងប្រទេសចិនទៅទៀត។ ចំណែកប្រទេសចិនវិញ ដែលមានពលរដ្ឋច្រើន បំផុតបែជាទប់ស្កាត់ការឆ្លងរាលដាល យ៉ាងមានប្រសិទ្ធភាពបំផុត ដែលមនុស្សគ្រប់រូបស្មានមិនដល់ ។
ប្រសិនបើចិនមិនចាត់វិធានការតឹងតែងទេនោះ ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមនេះ នឹងក្លាយទៅជាសោកនាដកម្មជាក់ជាមិនខានឡើយ ដោយចិនមានពលរដ្ឋច្រើន។ ប៉ុន្តែការប្រើច្បាប់«អាជ្ញាសឹក» បានជួយឲ្យចិនទប់ស្កាត់ ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាព ។
បច្ចុប្បន្ននៅ«សម្បុក»វីរុស Covid-19 នៅក្នុងខេត្តហូប៉ី អាចនិយាយបានថាគ្រប់គ្រងបាន៩០ភាគរយ ហើយក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងគ្រប់គ្រងបានទាំងស្រុង។ មួយវិញទៀត ការហាមពលរដ្ឋ ឲ្យនៅក្នុងផ្ទះគឺអាចជួយទប់ស្កាត់ការឆ្លងរាលដាលវីរុស តាមរយៈការចាយលុយ ហើយក្នុងមួយគ្រួសារ មានតែម្នាក់ប៉ុណ្ណោះដែលចាយលុយពេលទៅផ្សារ។
បច្ចុប្បន្នខេត្ត ហ៊ូប៉ី (លើកលែងទីក្រុងវូហាន)គ្មានអ្នកឆ្លងវីរុស Covid-19 ក្នុងរយៈពេល ២៤ម៉ោង នេះជារឿងមួយដ៏ល្អបំផុត ដែលពិភពលោកគួតែរៀនសូត្រតាម។ ជាមួយគ្នានេះចិនក៏បានបញ្ជូនក្រុមជំនាញទៅជួយដល់ប្រទេសជិតខាងក្នុងនោះមានអ៊ីរ៉ង់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងវីរុស ។
សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី ៦ខែមីនា ថា ក្នុងរយៈពេល ២៤ម៉ោង នៅក្នុងខេត្តហូប៉ី លើកលែងតែទីក្រុងវូហាន មិនមានករណីឆ្លងវីរុសថ្មីម្នាក់ណាឡើយ។ នេះគឺជារឿងដ៏ល្អបំផុត សម្រាប់ពលរដ្ឋនៅក្នុងខេត្ត នេះ ។
ដោយឡែក កាលពីថ្ងៃទី ៥ខែមីនា នៅទីក្រុងវូហានមានករណីឆ្លងថ្មីតែ ១២៦នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោង។ ចំណែកនៅទូទាំងប្រទេសចិនវិញ មានអ្នកឆ្លងតែ ១៧នាក់ប៉ុណ្ណោះ សរុបអ្នកឆ្លងនៅចិន មាន ១៤៣នាក់ និងស្លាប់ ៣១នាក់តែប៉ុណ្ណោះ ។
នៅក្នុងប្រទេសចិន មានអ្នកឆ្លង និងស្លាប់ថយចុះ ដោយសារតែចិន ចាត់វិធានការតឹងតែងបំផុត ដោយខេត្តហូប៉ីទាំងមូលពលរដ្ឋដល់ទៅ ៥៨លាននាក់ ត្រូវកាត់ផ្តាច់ ទាំងស្រុង ពីខេត្តក្រុងផ្សេងៗទៀត។
ពលរដ្ឋត្រូវបានហាមប្រាមចេញក្រៅផ្ទះ ដោយក្នុងមួយគ្រួសារមានសិទ្ធិចេញក្រៅតែម្នាក់ប៉ុណ្ណោះ ហើយចេញបានតែ ៣លើកក្នុងមួយថ្ងៃ ដើម្បីទិញសម្ភារៈស្បៀងអាហារចាំបាច់។ អ្នកដែលចេញទៅផ្សារ គឺត្រូវ នៅឆ្ងាយពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ មិនថាអ្នកស្គាល់ ឬមិនស្គល់នោះឡើយ ។ រថយន្តត្រូវបានហាមបើកបរនៅតាមដងផ្លូវនានា លើកលែងតែរថយន្តសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ ។
ចំណែកឱសថស្ថាននានា គឺត្រូវតែកត់ឈ្មោះ អ្នកទិញ ទីតាំង កន្លែងរស់នៅ ហើយទិញថ្នាំអ្វី ក្អកឬក្តៅរងារ … ដើម្បីងាយស្រួលក្នុងការតាមដានទប់ស្កាត់។ ដោយអនុម័តច្បាប់តឹងតែងទាំងនោះហើយបានជាចិនអាចទប់ស្កាត់ ការឆ្លងរាលដាល វីរុសផ្លូវដង្ហើមថ្មីយ៉ាងមានប្រសិទ្ធភាពបំផុត ។
បច្ចុប្បន្នអ្នកឆ្លងនៅក្នុងប្រទេសចិន គិត ក្នុងរយៈពេល ២៤ម៉ោង មានតិចជាង ទាំងប្រទេសកូរ៉េខាងត្បូង ទៀតផង។ អ្នកឆ្លងនៅកូរ៉េខាងត្បូង គឺឈរលំដាប់ទី ១ ហើយនាពេលនេះ។ មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ជំងឺ COVID-19 ករណីឆ្លងថ្មី មានចំនួន ៥១៨នាក់ នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឲ្យចំនួន អ្នកជំងឺ សរុប កើនឡើង ៦ ២៨៤នាក់ ។
ប្រភព ស៊ីនហួ បានផ្សាយ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ថា គិត មកត្រឹម ពាក់កណ្តាលយប់ ពេលវេលា នៅក្នុងតំបន់ ចំនួនអ្នកជំងឺ នៅកូរ៉េខាងត្បូង បានកើនឡើង ដល់ ៦ ២៨៤នាក់ គឺកើនឡើងករណីថ្មី ចំនួន ៥១៨នាក់ ក្នុងរយៈពេល ២៤ ម៉ោង ។ អ្នកស្លាប់ ថ្មី ចំនួន ៧នាក់ បន្ថែមទៀត ធ្វើឲ្យកើនឡើង ៤៣នាក់ ដែលស្លាប់ដោយសារជំងឺCOVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង ។
មជ្ឈមណ្ឌល បង្ការ និងគ្រប់គ្រងជំងឺ កូរ៉េខាងត្បូង (KCDC) បានធ្វើបច្ចុប្បន្នភាព ទិន្នន័យ ចំនួន ២ដង ក្នុងមួយថ្ងៃ គឺនៅម៉ោង ១០ព្រឹក និងនៅម៉ោង ៥រសៀល ម៉ោងនៅក្នុងតំបន់ ។
ជំងឺ នេះ បានឆ្លងយ៉ាងឆាប់រហ័ស នៅកូរ៉េខាងត្បូង ជាពិសេស អំឡុងរយៈពេល ១៦ថ្ងៃចុងក្រោយនេះ ។ ជំងឺ COVID-19 ចាប់ផ្តើមឆ្លងរាតត្បាត ឆាប់រហ័ស ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ ធ្វើឲ្យប្រទេស នេះ ចេញព្រមាន អាសន្ន កម្រិត ពណ៌ក្រហម ដែលជាកម្រិតអាសន្ន ខ្ពស់បំផុត។
ចំនួនអ្នកឆ្លងជំងឺនេះ នៅក្នុងទីក្រុង Daegu ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ ទីក្រុងសេអ៊ូល និងនៅជុំវិញខេត្ត North Gyeongsangនោះ បានកើនឡើង ៤ ៦៩៣នាក់ ស្មើប្រហែល ៩០ភាគរយ អ្នកជំងឺ ទាំងអស់នៅក្នុងប្រទេសនេះ។
ទីក្រុង Daegu បានក្លាយជាចំណុចកណ្តាល នៃការរីករាលដាលវីរុស COVID-19 ។ នៅទីនេះមានឆ្លងច្រើនជាងគេបំផុត ។ ទីក្រុងមួយនេះរបស់កូរ៉េខាងត្បូង មានប្រជាជនរស់នៅប្រហែល ២,៥ លាននាក់។ រដ្ឋាភិបាលបានកំណត់ថា ជាទីក្រុង Daegu ស្ថិតនៅក្នុង “តំបន់ដែលត្រូវថែទាំជាពិសេស” ។
សម្បុក និងជាប្រភពចម្លងជំងឺ COVID-19 ត្រូវបានរកឃើញ នៅ ក្នុងព្រះវិហារ សាសនា តូច មួយ ក្នុង ទីក្រុង Daegu នោះគឺព្រះវិហារ Sincheonji ។
តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ រហូតមក កូរ៉េខាងត្បូង បានធ្វើតេស្តិ៍ លើមនុស្សជាង ១៦០ ០០០ នាក់ ដែលក្នុងនោះ ១៣៦ ៦២៤នាក់ រកឃើញអវិជ្ជមាន ជំងឺ COVID-19 ហើយមនុស្ស ចំនួន ២១ ៨៣២នាក់ កំពុងស្ថិតក្រោម ការតាមដាន ។
អ្នកជំងឺ ២០នាក់ បន្ថែមទៀត បានការអនុញ្ញាត ឲ្យចាកចេញពី ទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេឯង ។ អ្នកជំងឺនៅប្រទេសនេះ បានចាកចេញពីមន្ទីរពេទ្យ សរុប ១០៨នាក់ ៕
ដោយ៖ មែវ សាធី