អាជ្ញាធរពន្ធដាររបស់ប្រទេសបារាំងបានប្រកាសដាក់ការស៊ើបអង្កេតទៅលើករណីបន្លំ គេចវេះមិនបង់ប្រាក់ពន្ធជូនរដ្ឋរបស់អ្នកច្នៃម៉ូដដ៏ល្បីល្បាញ់លំដាប់ពិភពលោកម្នាក់ប្រចាំនៅប្រទេសបារាំងដែលមានទំហំទឹកប្រាក់រហូតដល់២០លាន euro ប្រហាក់ប្រហែល២១.៧លានដុល្លារអាមេរិក ។
កាសែត the New York Times របស់អាមេរិកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានផ្សព្វផ្សាយថា អាជ្ញាធរពន្ធដាររបស់ប្រទេសបារាំងបានដាក់ការស៊ើបអង្កេត និងអាចឈានដល់ការចាប់ខ្លួនបុរសអ្នកច្នៃម៉ូដដ៏ល្បីល្បាញ់លំដាប់ពិភពលោកម្នាក់ឈ្មោះ Karl Otto Lagerfeld ដែលសង្ស័យថា បានធ្វើសកម្មភាពគៃបន្លំ គេចវេះមិនបង់ប្រាក់ជូនរដ្ឋាភិបាលក្នុងទំហំទឹកប្រាក់រហូតដល់២០លាន euroនោះ ។
លោក Karl Otto Lagerfeld អាយុ៨២ឆ្នាំ មានដើមកំណើតនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ។ លោកធ្លាប់ជាអ្នកសម្តែងកុនផងដែរ ។ លោក Karl Otto Lagerfeld បានទៅរស់នៅទីក្រុងប៉ារីស និងបានក្លាយជាពលរដ្ឋបារាំងពេញសិទ្ធិ ព្រមទាំងបង្កើតក្រុមច្នៃម៉ូដមួយដែលមានឈ្មោះថា chanel តាំងពីឆ្នាំ១៩៨៣ ហើយទទួលបានភាពល្បីល្បាញនៅទូទាំងពិភពលោករហូតមកដល់ពេលបច្ចុប្បន្ននេះ ។
រដ្ឋាភិបាលប្រទេសបារាំងមិនបានដឹងអំពីការគេចវេះមិនបង់ប្រាក់ពន្ធជូនរដ្ឋពីសំណាក់លោក Karl Otto Lagerfeld នោះឡើយ ។ ព័ត៌មាននេះ ទើបតែបានបែកធ្លាយ បន្ទាប់ពីទស្សនាវដ្តី L’Express បានចេញផ្សាយថា លោក Lagerfeld បានគេចវេះមិនបង់ប្រាក់ពន្ធជូនរដ្ឋាភិបាលបារាំងក្នុងទំហំទឹកប្រាក់ប្រមាណ២០លាន euro ប្រហាក់ប្រហែល២១.៧លានដុល្លារអាមេរិក ដែលប្រាក់ទាំងនោះបានមកពីការទំនាក់ទំនងវិនិយោគក្នុងមុខជំនាញច្នៃម៉ូដនៅក្នុងប្រទេសអៀរឡង់(Ireland), ប្រទេស British Virgin Islands និងនៅសហរដ្ឋអាមេរិកជាដើម ។
លោក Karl Lagerfeld ជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញចុងក្រោយបំផុតរបស់ពិភពលោក ។ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ អាជ្ញាធរពន្ធដារប្រទេសបារាំងបានប្រកាសដាក់ការស៊ើបអង្កេតទៅលើក្រុមច្នៃម៉ូដ Chanel ដែលមានលោក Karl Lagerfeld ជាប្រធាន ប្រចាំនៅទីក្រុងប៉ារីសនោះ ។ គេនៅមិនទាន់ដឹងបានឡើយអំពីវិធីសាស្ត្រ ដែលលោក Karl Lagerfeld អាចគៃបន្លំ គេចវេះមិនបង់ប្រាក់ពន្ធជូនរដ្ឋក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនដឹងនោះ ។
លោកស្រី Caroline Lebar អ្នកនាំពាក្យរបស់ក្រុមច្នៃម៉ូដ Chanel ប្រចាំនៅទីក្រុងប៉ារីសបានប្រាប់ប្រភពព័ត៌មានថា លោក Lagerfeld គ្មានចេតនារំលោភបំពានផ្លូវច្បាប់នោះឡើយ ហើយថា ករណីនេះទីប្រឹក្សាផ្នែកហិរញ្ញវត្ថុរបស់លោក (Lagerfeld) អាចដោះស្រាយបញ្ហាបានដោយបង់ប្រាក់ពន្ធនេះជូនអាជ្ញាធរពន្ធដាររបស់រដ្ឋាភិបាលបារាំង ដោយគ្មានការទើសទ័លឡើយ ។ លោកស្រីអះអាងថា ក្រុមច្នៃម៉ូដ Chanel បង្កើតឡើងតាំងពីឆ្នាំ១៩៨៣ នោះ មិនអាចទុកឲ្យរឿងអាស្រូវនេះមកញាំញីកេរ្តិ៍ឈ្មោះបានឡើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត