ម៉ាឡេសុី៖ ឲ្យតែដល់ថ្ងៃទិវានារីអន្តរជាតិ៨ មីនា ធ្វើឲ្យគេនឹកឃើញដល់អ្នកដំណើរ និងក្រុមអ្នកដំណើរ ២៣៩នាក់នៅលើយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលមានជើងហោះហើរ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរាដា ហើយរកមិនឃើញឡើយសូម្បីតែ ស្រមោលរយៈពេល ៦ឆ្នាំហើយ ។
ជើងហោះហើរMH370 បានក្លាយទៅជាអាថ៍កំបាំង របស់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក ។ យន្តហោះខាងលើបានហោះហើរចេញពីទីក្រុង កូឡាឡំពួរ ទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី ៨ខែមីនា ឆ្នាំ២០១៤។ ក្រោយការស្វែងរកជាច្រើនឆ្នាំ មិនមានតម្រុយ នៅឆ្នាំ២០១៨ ក្រុមអ្នករុករកក៏បានសម្រេចឈប់រកតែម្តង។
ក្នុងឱកាសខួប៦ឆ្នាំថ្ងៃបាត់យន្តហោះខាងលើ សាច់ញាតិ អ្នកដំណើរ បានអំពាវនាវដល់រដ្ឋាភិបាលកំបោះបង់ ឲ្យបន្តស្វែងរកទៀត ។ ពិធីរំខួបថ្ងៃបាត់យន្តហោះMH370 ត្រូវបានរៀបចំឡើងនៅ ពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ អ្នកដែលចូលរួម ក្នុងពីធីនោះបានលើកឡើងថា« ក្តីឈឺចាប់នៅតែមាន ដោយយន្តហោះមិនទាន់រកឃើញ ។ មកទល់ពេលនេះយើងមិនទាន់ដឹងថាអ្វីបានកើតឡើង ចំពោះយន្តហោះMH370»។
រយៈពេល ៦ឆ្នាំបានកន្លងផុតនៅហើយតែនៅមានសំណួរជាច្រើន មិនទាន់មានចម្លើយ ពាក់ព័ន្ធការបាត់ខ្លួនយន្តហោះ MH370។ ប្រទេស ជាច្រើនជុំវិញពិភពលោក ក្នុងនោះមានចិន អូស្ត្រាលី ម៉ាឡេស៊ី … បានខិតខំស្វែងរក ដោយចំណាយប្រាក់អស់ជិត២០០លានដុល្លារ នៅតែរកមិនឃើញ ៕
ដោយ៖ មែវ សាធី