ប្រទេសចិន៖ ស្ថានភាពឆ្លងជំងឺផ្លូវដង្ហើមនៅចិនបង្កឡើងដោយវីរុស កូវីដ-១៩ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តំបន់ជាច្រើននៅក្នុងប្រទេសចិនមិនមានករណីឆ្លងវីរុសនេះនោះឡើយ ។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងសៀងហៃ បានសម្រេចឲ្យបើកទ្វារ សាលារៀន ១៤៤កន្លែងឡើងវិញ ក្រោយបិទទ្វារជាច្រើនខែ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមថ្មី បង្កឡើងដោយវីរុស Covid-19។
ការសម្រេចបើកទ្វារសាលារៀនក្រោយពេលដែល នាយកសាលាទាំងអស់ មានវិធានការទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាព ដល់សិស្សទាំងអស់ ។ គ្រូបង្រៀនទាំងអស់គឺត្រូវតាមដាននិងត្រួតពិនិត្យ លាងសម្អាតដៃ របស់សិស្ស ជាគ្រប់ពេល ទើបអាចទប់ស្កាត់បានល្អបំផុត។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ទីក្រុងវូហាន ខេត្តហូប៉ី ដែលជាទីកន្លែងឆ្លងវីរុស Covid-19 មុនគេបង្អស់ បានបិទមន្ទីរពេទ្យ បណ្តោះអាសន្នមួយកន្លែងទៀត ដោយសារតែ ចំនួនអ្នកឆ្លងនៅទីក្រុងនេះថយចុះជាបន្តបន្ទាប។ គិតមកទល់ពេលនេះ មន្ទីពេទ្យបណ្តោះអាសន្នដើម្បីព្យាបាលអ្នកឆ្លងវីរុស Covid-19 បានបិទទ្វារ ដល់ទៅ ១៤ កន្លែងហើយ គឺជារឿងដ៏ល្អបំផុត សម្រាប់ទីក្រុងវូហាន។
អ្នកជំងឺជាង ៥ម៉ឺននាក់ដែលបានចេញពីមន្ទីរពេទ្យ គឺជាជោគជ័យ របស់ក្រុមគ្រូពេទ្យ ចិន ដែលបានព្យាបាលពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។
តាមតួលេខពីគេហទំព័រ Worldometers បានឲ្យដឹងថា វីរុស COVID-19 បានឆ្លងរាលដាលដល់ប្រទេស ចំនួន១១២ប្រទេសនៅលើផែនដី ដោយមានអ្នកឆ្លង ១១៤២០០នាក់ ។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ មាន ៦២.៨០០នាក់ និងជាង ៤៧ពាន់នាក់កំពុងស្ថិតនៅក្នុងការព្យបាល ៕
ដោយ៖ មែវ សាធី