អាមេរិក៖ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក៏ស្ថិតក្នុងការសង្ស័យ
ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាល អាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយមានប្រទេសជិត ១២០ប្រទេសហើយបានឆ្លងរាលដាលនៃវីរុស ផ្លូវដង្ហើមថ្មី Covid-19 ។ ពេលនេះពិភពលោក ត្រូវតែរួមដៃគ្នា ធ្វើសង្គ្រាម ប្រឆាំងវីរុសឲ្យមានប្រសិទ្ធភាពបំផុតបញ្ចៀសសោកនាដកម្មកើតឡើង ដល់មនុស្សជាតិ ។ ក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ ពិភពលោក នៅតែមិនទាន់អាចរកឃើញ ថ្នាំព្យាបាលនៅឡើយទេ ដែលជាក្តីបារម្ភបំផុត។
នៅពេលនេះមានមន្ត្រីជាន់ខ្ពស់ ជាច្រើនរូបក៏បានឆ្លងវីរុសផ្លូវដង្ហើមនេះដែរ ក្នុងនោះមាន អ៊ីរ៉ង់ អ៊ីតាលី អង់គ្លេស… នោះជាសញ្ញាអាក្រក់បំផុត។ ពេលនេះសូម្បីតែប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក៏ស្ថិតនៅក្នុងការមន្ទិលសង្ស័យ ឆ្លងវីរុសនេះដែរ ។
ក្រោយសន្និសីទកាសែត ដែលមានអ្នកចូលរួម ឆ្លងវីរុស COVID-19 មានមនុស្សជាច្រើនបានដាក់សំណួរសួរថា តើលោកត្រាំ បានឆ្លងវីរុសផ្លូវដង្ហើមនេះដែរ ឬទេ? នៅពេលនេះលោកត្រាំ បាន ប្រកាសជាសាធារណៈថា«ខ្ញុំមិនគិតថា នោះជាបញ្ហាធំឡើយ ខ្ញុំនឹងទៅធ្វើតេស្ត ប៉ុន្តែពេលនេះខ្ញុំមានសុខភាពល្អ មិនចាំបាច់ធ្វើតេស្តនោះឡើយ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ៖ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី ១០ខែមីនា បានប្រកាសថា លោកមិនទាន់បានត្រួតពិនិត្យ រកវីរុសផ្លូវដង្ហើមថ្មីនោះឡើយ ។ សុខភាពរបស់លោកល្អប្រសើរ ដោយមិនមានអ្វីគួឲ្យសង្ស័យនោះដែរ ហើយក្រុមគ្រូពេទ្យនៅសេតវិមាន បានតាមដាន់ជារៀងរាលថ្ងៃ ។ ជាមួយគ្នានោះ មន្ទីរបញ្ចកោណអាមេរិក បានប្រកាសថា មានទាហានអាមេរិក ពីរនាក់រកឃើញឆ្លងវីរុសផ្លូវដង្ហើម។
គិតមកដល់ព្រឹកថ្ងៃទី ១១ខែមីនា (ពេលវេលានៅកម្ពុជា)អាមេរិក មានអ្នកស្លាប់ ដោយ COVID-19 កើនឡើង ២៩នាក់ និងមានអ្នកឆ្លង ៨៤៩នាក់ ។ តាមការលើកឡើងរបស់ មជ្ឈមណ្ឌល គ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង អាមេរិក CDC បានប្រកាសឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លង ភាគច្រើនអ្នកឆ្លងគឺដឹកជញ្ជូនមកពីទីក្រុងវូហានប្រទេសចិន និងមកពីនាវាទេសចរណ៍ នៅជប៉ុន Diamond Princess និង Grand Princess ។
ចំណែកអ្នកឆ្លងនៅលើពិភពលោកវិញ មកទល់ពេលនេះមាន មានអ្នកឆ្លងសរុបដល់ទៅ ១១៨៩០៣ នាក់ និងមានអ្នកស្លាប់ ជាង ៤២ពាន់នាក់ ។ អ្វីដែលគួឲ្យចាប់អារម្មណ៍នោះ គឺចំនួនអ្នកចាកចេញពីមន្ទីពេទ្យ កើនឡើងខ្ពស់ គឺមានរហូតដល់ ជាង ៦៥ពាន់នាក់ហើយ ។ ភាគច្រើន អ្នកដែលព្យាបាលជាសះស្បើយគឺនៅក្នុងប្រទេសចិន។
ចំណែកនៅក្នុងប្រទេសអង់គ្លេសវិញ ជំងឺ COVID-19 បានឆ្លង ទៅលើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រទេស អង់គ្លេស គឺលោកស្រី Nadine Dorries ខណៈដែលប្រទេសនេះ មានអ្នកផ្ទុកជំងឺ បានកើនឡើង ៣៨៣នាក់ គិតមកត្រឹមថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ ។ នេះបើតាមការផ្សាយ របស់ប្រភពព័ត៌មាន sputnik ។
ប្រភពបានបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស បានកោះប្រជុំជាបន្ទាន់ មួយ ដើម្បីឆ្លើយតប ការឆ្លងរាលដាលជំងឺ COVID-19 នៅក្នុងប្រទេសនេះ ហើយបានបញ្ជាក់ថា ស្ថានការ ហាក់កំពុងស្ថិតក្រោមការគ្រប់គ្រង បាន នៅឡើយទេ ។
លោកស្រី Nadine Dorries រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចក្រភពអង់គ្លេសត្រូវបានរាយការណ៍ថា បានជួបជាមួយ មនុស្ស រាប់រយ នាក់ នៅក្នុង សភា កាលពីសប្តាហ៍ មុន និងបានចូលរួម កិច្ចប្រជុំ ជាមួយលោកនាយករដ្ឋមន្ត្រី Boris Johnson ផងដែរ នៅឯ Downing Street ។ លោកស្រី ត្រូវបាន រកឃើញថា មានផ្ទុកនូវ ជំងឺ វូហានកូរ៉ូណាវីរុស ឬ COVID-19។
ក្នុងសេចក្តីថ្លែងការណ៍ មួយរបស់លោកស្រី Dorries បានបញ្ជាក់ថា “អរគុណសម្រាប់ការជូនពរល្អៗជាច្រើន។ វាពិតជាសំរាមណាស់ ប៉ុន្តែខ្ញុំប្រហែលថា ខ្ញុំនឹងជួបរឿងអាក្រក់បំផុតនៅគ្រាឥឡូវនេះ ។ មានការព្រួយបារម្ភបន្ថែមទៀតចំពោះម្តាយរបស់ខ្ញុំ មានអាយុ ៨៤ ឆ្នាំ ដែលនៅជាមួយខ្ញុំ ហើយចាប់ផ្តើមក្អកនៅថ្ងៃនេះ ។ ម្តាយរបស់ខ្ញុំនឹងត្រូវធ្វើតេស្តិ៍នៅថ្ងៃស្អែក ។ សូមឲ្យមានសុវត្ថិភាពអ្នកទាំងអស់គ្នា ហើយបន្តការលាងសម្អាតដៃជានិច្ច” ។
យោងតាមការចេញផ្សាយ របស់ ប្រភពព័ត៌មាន the Times បានបញ្ជាក់ថា លោកស្រី Dorries មានអារម្មណ៍ មិនស្រស់ស្រាយ នោះឡើយ កាលពីសប្តាហ៍មុន ហើយលោកស្រី បានទៅធ្វើរោគវិនិច្ឆ័យ លុះនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ចេញលទ្ធផល វិជ្ជមានជំងឺ COVID-19 តែម្តង ។ នៅពេលបច្ចុប្បន្ននេះ លោកស្រី កំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯង៕
ដោយ៖ មែវ សាធី