មន្ត្រីជាន់ខ្ពស់អុីរ៉ង់ទាំងយោធា និងអ្នកនយោបាយ ជាច្រើនរូប បានស្លាប់ដោយសារតែឆ្លងវីរុស កូវីដ-១៩ ។នៅពេលនេះឧត្តមសេនីយ៍ទោ Nasser Shabani មេបញ្ជាការកងឆ្មាំបដិវត្តអុីរ៉ង់(IRGC) បានស្លាប់ ដោយសារតែ ឆ្លងវីរុស កូវីដ-១៩។
សារព័ត៌មានអុីរ៉ង់Fars នៅថ្ងៃទី ១៤ខែមីនា បានផ្សាយថា ឧត្តមសេនីយ៍ទោ Nasser Shabani មេបញ្ជាការ កម្លាំងបដិវត្តអុីស្លាមអុីរ៉ង់ បានស្លាប់ហើយនៅថ្ងៃនេះ។ លោក បានបំពេញការងារតាំងពីឆ្នាំ១៩៨២ ដោយបានចូលរួមក្នុងសង្គ្រាម អុីរ៉ង់-អុីរ៉ាក់ប៉ុន្តែបែជាមិនស្លាប់ មកស្លាប់ដោយសារកូវីដ-១៩ទៅវិញ។
ឧត្តមសេនីយ៍ទោ Nasser Shabani កាលពីឆ្នាំ២០១៨ បានទទួលស្គាល់ថា លោក ប្រើប្រាស់ក្រុមឧទ្ទាមហូធីវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតពីរគ្រឿងនៅដែនសមុទ្រ Bab al-Mandeb។
កន្លងមក មានមន្ត្រីយោធាអុីរ៉ង់៥រូបហើយស្លាប់ដោយសារតែកូវីដ-១៩ ។ គិតមកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអុីរ៉ង់១៣រូបហើយបានស្លាប់ដោយកូវីដ-១៩ និង ១១នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ។ ក្នុងរយៈពេល២៤ម៉ោង កន្លងមក អុីរ៉ង់ មានករណីស្លាប់ ៨៥នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើង ដល់៥១៤នាក់ និង ឆ្លង ជិត១២ពាន់នាក់ហើយ៕