អាមេរិក៖ តាមលទ្ធផលស្ទង់មតិនាពេលថ្មីៗនេះបង្ហាញឲ្យឃើញថា៖ ពលរដ្ឋអាមេរិក ភាគច្រើនមិនជឿទៅលើសម្តី របស់ប្រធានាធិបតីដូណាលត្រាំ និងរដ្ឋាភិបាលរបស់លោកស្តីពីការទប់ស្កាត់កូវីដ-១៩ នោះឡើយ។
សារព័ត៌មាន Sputnik បានដកស្រង់ របាយការណ៍ស្ទង់មិតរបស់ PBS NewsHour និងមហាវិទ្យាល័យ Marist បានបង្ហាញឲ្យឃើញថា៖ ពលរដ្ឋអាមេរិកដល់ទៅ ៦០ភាគរយ មិនមានទំនុកចិត្តទៅលើអ្វីដែលលោកត្រាំ និយាយនៅពេលនេះឡើយពាក់ព័ន្ធ វីរុសកូវីដ-១៩។ ជាមួយគ្នានោះមានពលរដ្ឋអាមេរិក តែ៣៧ភាគរយប៉ុណ្ណោះ ដែលបានជឿជាក់លើលោកត្រាំ។
ក្រុមយុវជនអាមេរិក ដល់ទៅ២ភាគ៣ បានលើកឡើងថា ពួកគេជឿទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អាមេរិក ច្រើនជាងសម្តីរបស់ លោកត្រាំ។
នៅក្នុងការស្ទង់មតិមួយផ្សេងទៀតបានបង្ហាញឲ្យឃើញថា៖ ការជឿទុកចិត្តទៅលើរដ្ឋាភិបាល និងមិនជឿទុកចិត្តមានប្រហាក់ប្រហែលគ្នា គឺ៤៩ និង៤៤ភាគរយ។
បច្ចុប្បន្នអាមេរិកមានករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ ៦៤២៣នាក់ និងស្លាប់ជាង១០០នាក់ហើយ។ ចំនួនអ្នកឆ្លងមានសញ្ញាបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ៕
ដោយ៖ មែវ សាធី