ប្រទេសម៉ាឡេសុី៖ ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 ។ បន្ទាបពីបារាំងបញ្ជាដោយប្រធានាធិបតី លោក ម៉ាក្រុង អោយកងកម្លាំង១០មុឺនធ្វើសង្គ្រាមប្រឆាំងជំងឺកូវីដ១៩ អនុវត្តនៅយប់ថ្ងៃទី១៧ ខែមីនា មុននេះ។
បើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ ២០២០ លោក អ៉ីស្មាអែល ស៊ុបរី យ៉ាក់កូប (Ismail Sabri Yaakob) រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បានឱ្យដឹងថា៖ ម៉ាឡេស៉ីនឹងដាក់ពង្រាយកងកម្លាំងយោធា ចាប់ពីថ្ងៃអាទិត្យ សប្តាហ៍នេះតទៅ ដើម្បីជួយដល់កម្លាំងប៉ូលិស ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19 ខណៈសន្ទុះនៃការឆ្លងក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
មេទ័ពបានបញ្ជាក់ថា កម្លាំងយោធាទាំងបីប្រភេទ ដែលរួមមានទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស នឹងចូលរួមក្នុងកិច្ចប្រតិបត្តិការ ទប់ស្កាត់ការរីករាលដាល នៃជំងឺ COVID-19។
សូមបញ្ជាក់ថា៖ ការប្រកាសខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានវិធានការជាច្រើនត្រូវបានដាក់ចេញ នៅពាសពេញផ្ទៃប្រទេស ដើម្បីចូលរួមទប់ស្កាត់ជំងឺរាតត្បាត ដ៏កាចសាហាវមួយនេះ។ ក្នុងចំណោមវិធានការទាំងនោះ រួមមាន ការរឹតត្បឹតលើការធ្វើដំណើរ និងលើការធ្វើអាជីវកម្មមួយចំនួន ក្នុងកំឡុងសប្តាហ៍នេះ ខណៈតួលេខសរុប នៃអ្នកឆ្លងបានកើនឡើងដល់ ៩០០ នាក់ ដោយក្នុងនោះ ០២ នាក់បានស្លាប់បាត់បង់ជីវិត។
បទបញ្ជាគ្រប់គ្រងសកម្មភាពនានាដែលមានសុពលភាពរយៈពេល ១៤ថ្ងៃ បានចាប់កាលពីថ្ងៃពុធសប្តាហ៍នេះ រួមមានទាំងការបិទអគាររដ្ឋាភិបាល និងឯកជនទាំងអស់ លើកលែងតែអ្នកដែលផ្តល់សេវាកម្មចាំបាច់ប៉ុណ្ណោះ។
កម្លាំងយោធាអាចនឹងត្រូវកេណ្ឌមកជួយ ប្រសិនបើប្រជាជនម៉ាឡេស៊ី មិនគោរពតាមបទបញ្ជានេះ។ លោករដ្ឋមន្ត្រីបានព្រមានដោយសង្កត់ធ្ងន់ដែរថា៖ រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅតែមានជំនឿចិត្តទាំងស្រុងថាមន្ត្រីប៉ូលីសម៉ាឡេស៊ី គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការមួយនេះ។
ពាក់ព័ន្ធនឹង កូវីដ១៩នេះ ប្រទេសចិន បានគិតគូ ដើម្បីជួយដល់ប្រទេសក្នុងពិភពលោក ទាំងមូល ខណៈចិនបានទប់ស្កាត់ជំងឺនេះមានប្រសិទ្ធភាពមុនគេ ហើយ២ថ្ងៃជាប់គ្នានេះចិនគ្មានវិជ្ជមានកូវីដ១៩៕
ដោយ៖ សហការី