ចាប់តាំងពីវីរុសនេះផ្ទុះឡើងនៅទីក្រុងវូហាន ប្រទេសចិន មិនមានប្រទេសណាមួយចោទ ចិន ថាជាអ្នកបង្កើត វីរុសផ្លូវដង្ហើមថ្មី កូវីដ-១៩ ។ មិនតែប៉ុណ្ណោះរុស្ស៊ី និងអ៊ីរ៉ង់ បានចោទប្រកាន់អាមេរិក ថា ជាអ្នកនាំមេរោគទាំងនោះទៅកាន់ទីក្រុងវូហាន។ ចំណែកភាគីចិនវិញក៏បានចោទប្រកាន់យោធាអាមេរិក បានយកវីរុសនេះទៅវូហានផងដែរ។
ផ្ទុយទៅវិញ អាមេរិក មានតែលោកត្រាំ ម្នាក់ឯងប៉ុណ្ណោះ ដែល ចោទថា ជាវីរុសចិន ប៉ុន្តែការហៅបែបនោះរបស់លោកត្រាំទទួលរងការថ្កោលទោសយ៉ាង ខ្លាំង សូម្បីតែអង្គការសុខភាពពិភពលោក ក៏បានថ្កោលទោសផងដែរ ។ ក្រោយមកលោកត្រាំ ក៏បានបន្តសកម្មភាពទម្លាក់កំហុសទៅឲ្យចិន ថាចិនបានធ្វើឲ្យពិភពលោក រងទុក្ខ ដោយសាតែចិនលាក់បាំងវីរុសនេះតាំងពីដំបូង ។
តាមអ្វីដែលលោកត្រាំបានលើកឡើង គឺជាយុទ្ធសាស្ត្រ គៀងគរ ពិភពលោកទាំងមូល ឲ្យស្អប់ចិន ដោយសារតែចិនបានយកឈ្នះអាមេរិក នៅក្នុងទំនាក់ទំនងអន្តរជាតិ ។
ខណៈ COVID-19 កំពុងបន្តរាតត្បាតពាសពេញពិភពលោក សំនួរជាច្រើនត្រូវបានចោទសួរថា តើវីរុសបង្កជាជំងឺនេះមានប្រភពមកពីណា។ អ្នកខ្លះថាចិន ជាអ្នកបង្កើត ហើយខ្លះទៀតថាសហរដ្ឋអាមេរិកជាបង្កើត។ ប៉ុន្តែអ្វីដែលគេដឹង គឺទាំងសហរដ្ឋអាមេរិក និងចិន ព្រមទាំងពិភពលោក បានខាតបង់សេដ្ឋកិច្ចមិនតិចនោះទេ ដោយសារជំងឺដ៏កាចសាហាវមួយនេះ។
យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន Scripps Research សហការជាមួយសាស្រា្តចារ្យមកពីសាកលវិទ្យាល័យ Tulane University, សាកលវិទ្យាល័យ University of Sydney, សាកលវិទ្យាល័យ University of Edinburgh និងសាកលវិទ្យាល័យ Columbia University បានយល់ឃើញថា វីរុស SARS-CoV-2 ដែលបង្កជាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19 មិនមែនត្រូវបានបង្កើតឡើងដោយចេតនា ក្នុងមន្ទីរពិសោធន៍ណាមួយនោះទេ។ ពួកគេធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើលក្ខណៈពិសេសពីរនៃ SARS-CoV-2 ដែលអ្នកវិទ្យាសាស្រ្ត ហៅថា Spike Protein និង Backbone របស់វា។
ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ បានគូសបញ្ជាក់ថា លក្ខណៈ Spike Protein របស់វីរុស SARS-CoV-2 មានប្រសិទ្ធភាពខ្ពស់ប្លែក ក្នុងការអនុញ្ញាតឲ្យវីរុសនេះភ្ជាប់ខ្លួនវាជាមួយកោសិការបស់មនុស្សយើង ដែលរឿងបែបនេះអាចកើតឡើងបានលុះត្រាតែវាបាន វិវត្តន៍ខ្លួនតាមរយៈលក្ខខណ្ឌ ធម្មជាតិប៉ុណ្ណោះ ជាជាងតាមការពិសោធន៍ក្នុងមន្ទីរពិសោធន៍។
ភស្តុតាងមួយទៀតដែលក្រុមអ្នកវិទ្យាសាស្រ្តខាងលើសន្មត់ថា វីរុសនេះកើតឡើងដោយឯកឯងពីធម្មជាតិ គឺដោយសារ Backbone ដែលជាទម្រង់ម៉ូលេគុលជារួមរបស់វា។ លទ្ធផលសិក្សាវិភាគបានបង្ហាញថា Backbone របស់វីរុស SARS-CoV-2 ដែលបង្កជាជំងឺ COVID-19 មានលក្ខណៈខុសឆ្ងាយដាច់ពី Backbone នៃវីរុសកូរ៉ូណា ដែលយើងបានស្គាល់នាពេលកន្លងមក។ ប្រសិនបើវីរុសនេះ ត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍មែននោះ Backbone របស់វីរុសកូរ៉ូណាមុនៗ ច្បាស់ជាត្រូវបានគេយកមកប្រើប្រាស់ ដែលជាហេតុនឹងធ្វើឲ្យមានលក្ខណៈស្រដៀងគ្នាណាមួយមិនខាន។ ទោះជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្រ្តនៅពុំទាន់អាចកំណត់ ប្រភពច្បាស់លាស់តែម្តងនៃវីរុសនេះនៅឡើយទេ។
ការសិក្សាខាងលើ ចេញផ្សាយក្នុងថ្ងៃតែមួយ ដែលអ្នកនយោបាយលោកខាងលិចមួយចំនួន បានហៅ COVID-19 ថា វីរុសចិន ឬ Chinese virus។ ជាការឆ្លើយតប លោក Michael Ryan ជានាយកប្រតិបត្តិម្នាក់ នៃកម្មវិធីសង្រ្គោះបន្ទាន់សម្រាប់អង្គការសុខភាពពិភពលោក បាននិយាយថាវាពិតជាមានសារៈសំខាន់ណាស់ ចំពោះការប្រយ័ត្ន ប្រយែងក្នុងការប្រើប្រាស់ពាក្យសម្ដី ព្រោះពេលនេះជាពេលត្រូវរួបរួមប្រយុទ្ធនឹង COVID-19 ជាមួយគ្នា។
បច្ចុប្បន្នចិន បានគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសយ៉ាងមានប្រសិទ្ធភាព ដោយមិនមានអ្នកឆ្លងនៅក្នុងប្រទេសចិនឡើយលើកលែងតែ អ្នកចូលមកពីក្រៅប្រទេស ។ ដោយស្ថានភាពល្អប្រសើរ នាយករដ្ឋមន្រ្ដីចិន ជំរុញឲ្យខិតខំស្ដារសេដ្ឋកិច្ចឡើងវិញ ។
ក្រោយរងគ្រោះដោយសារវីរុសកូវីដ១៩ ធ្វើឲ្យសេដ្ឋកិច្ចចិនខាតបង់ អស់រាប់ពាន់លានដុល្លារនោះមក លោក លី ឃឺឈៀង ( Li Keqiang) នាយករដ្ឋមន្រ្ដីចិន កាលពីថ្ងៃទី២០ ខែមីនា បានអំពាវនាវឲ្យខិតខំប្រឹងប្រែង ស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់លើការងារបន្ទាន់ និងដំណើរផលិតកម្ម ក៏ដូចជា ការស្តារឡើងវិញនូវសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិ។ លោកនាយករដ្ឋមន្រ្ដី បានថ្លែងបែបនេះ ខណៈចុះត្រួតពិនិត្យមើល ការ រៀបចំគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រចាំបាច់ និងតម្រូវការចាំបាច់ប្រចាំថ្ងៃ នៃវឌ្ឍនភាពលើការងារ ផលិតកម្ម ការអនុវត្ត និងសម្របសម្រួលគោលនយោបាយ។
លោកនាយករដ្ឋមន្រ្ដីចិន បានជំរុញឲ្យយកចិត្តទុកដាក់ និងផ្ដោតអារម្មណ៍លើយន្ដការទីផ្សារ ហើយអនុវត្ដវិធានការនានា ដើម្បីធ្វើឲ្យមានសន្ដិសុខដល់ការផ្គត់ផ្គង់ សម្រាប់ការប្រឈមនឹងការទប់ស្កាត់ នៃការឆ្លងរាលដាលវីរុស និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ផងដែរថា យន្ដការសម្រមសម្រួល នៃមីក្រូគោលនយោបាយ នឹងតាមដានរាល់ការប្រែប្រួលលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈវីរុសកំពុងរាតត្បាតពាសពេញពិភពលោក ហើយ ទី ផ្សារ អន្ដរជាតិកំពុងតែរងផលប៉ះពាល់។ ក្រៅពីនេះ គោលនយោបាយនេះ ក៏នឹងបំពេញតម្រូវការក្នុងស្រុក និងស្ដារសេដ្ឋកិច្ចឡើងវិញ ហើយធ្វើឲ្យមានស្ថិរភាពការងារផងដែរ៕
ដោយ៖ មែវ សាធី