ប្រទេសអ៊ីតាលី ៖ លោក Paolo Maldini នាយកផ្នែកបច្ចេកទេសរបស់ក្លិប AC Milan ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី និងកូនប្រុសរបស់គាត់កីឡាករ Daniel ដែលលេងតួនាទីខ្សែប្រយុទ្ធនៅក្លិប AC Milan ដែរនោះត្រូវបានធ្វើតេស្ដវិជ្ជមានផ្ទុកវីរុសកូរ៉ូណា។
ក្លិបបានបញ្ជាក់ថា លោក “Paolo និង Daniel មានស្ថានភាពខុសភាពធម្មតា ហើយបានស្នាក់នៅផ្ទះ ២សប្ដាហ៍ហើយដោយមិនមានប៉ះពាល់ជាមួយនរណាម្នាក់ផ្សេងទៀតនោះទេ។ ពួកគាត់នឹងត្រូវបន្តនៅដាច់ដោយឡែករហូតដល់ជាសះស្បើយ ស្របតាមការណែនាំរបស់បុគ្គលិកសុខាភិបាល”។
ថ្មីៗនេះកីឡាករ Paulo Dybala របស់ក្លិប Juventus បានបញ្ជាក់ដែរថា រូបគេនិងមិត្តស្រីមានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែស្ថានភាពសុខភាពរបស់ពួកគេល្អប្រសើរដូចធម្មតាទេ។ Dybala ជាកីឡាករទី៣ របស់ Juventus ដែលទទួលបានលទ្ធផលតេស្ដវិជ្ជមានវីរុសនេះបន្ទាប់ពីកីឡាករ Daniele Rugani និង Blaise Matuidi។
គួរបញ្ជាក់ថា ប្រទេសអ៊ីតាលីបានហាមឃាត់ប្រជាជនមិនឱ្យចេញក្រៅផ្ទះ និងបានបិទការធ្វើដំណើរចេញចូលអ៊ីតាលីអស់រយៈពេលជិត ២សប្ដាហ៍មកហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាដែលបានឆក់យកជីវិតប្រជាជនអ៊ីតាលីប្រមាណជាង៤ពាន់ ។
ការប្រកួតកីឡាពាសពេញពិភពលោកត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយលីកកំពូលអ៊ីតាលីត្រូវបានផ្អាករហូតដល់ខែមេសា ហើយស្ថាប័ន UEFA ក៏បានពន្យារពេលការប្រកួតយូរ៉ូ២០២០ទៅឆ្នាំក្រោយផងដែរ ៕ ដោយ៖ភិរក្ស