ថៅកែសណ្ឋាគារធំជាងគេលំដាប់ទី១នៅខេត្តតាកែវ សម្រេចផ្តល់សណ្ឋាគារជាកន្លែងព្យាបាលកូវីដ-១៩

ចែករំលែក៖

ខេត្តតាកែវ៖ ស្របពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាអោយអភិបាលខេត្តទាំងអស់ រកជួលសណ្ឋាគារ ផ្ទះសំណាក់ យកសាលារៀន ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកឆ្លងកូវីដ-១៩ និងខណៈបណ្ដាប្រទេសជាច្រើន កំពុងប្រឈមនឹងជំងឺកូវីដ-១៩ កម្ពុជាក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀត ដែលមានបញ្ហាប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩។
ទោះជាមានវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះក៏ដោយ ក៏វីរុសកូវីដ-១៩ មានការឆ្លងរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ហើយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា អាជ្ញាធរខេត្តពិតជាត្រូវការទីកន្លែងជាច្រើនដូចជាសណ្ឋាគារ ផ្ទះសំណាក់ សាលារៀនដើម្បីយកទៅប្រើប្រាស់សម្រាប់ជាទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។
មកដល់យប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាមានការកើនឡើងដល់ចំនួន៩៣នាក់ហើយ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជម្រាបជូនសម្តេចថា កម្ពុជារកឃើញជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ ដែលឆ្លងកូវីដ-១៩ ធ្វើឲ្យកម្ពុជា មានអ្នកឆ្លងសរុប៩៣នាក់។
ជាក់ស្តែងបន្ទាប់ពីបានឃើញរដ្ឋាភិបាលកំពុងមានបញ្ហា ក៏ដូចជាប្រទេសមានទុក្ខហើយនោះ ម្ចាស់សណ្ឋាគារមួយ នៅខេត្តតាកែវ សម្រេចចិត្តផ្តល់សណ្ឋាគាររបស់ខ្លួន ដើម្បីឲ្យរដ្ឋាភិបាលចាត់ចែងក្នុងការយកទៅប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩។
ម្ចាស់សណ្ឋាគារក៏បានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនមានឈ្មោះ Kimchhen Lay ថា៖
«ក្នុងនាមជាខ្មែរ ត្រូវតែជួយនៅពេលដែលប្រទេសជាតិជួបឧបសគ្គ ខ្ញុំបាទបានផ្ដល់នូវការសហការជាមួយសាលាខេត្ត ដើម្បីទទួលជនជាតិរួមឈាមខ្មែរ ដែលសង្ស័យកើតជំងឺ covid-19 ។ អរគុណឯកឧត្តមអភិបាលខេត្ត អ៊ូច ភា ដែលបានជ្រើសរើសសណ្ឋាគារសេវេនដេអីន ជាសណ្ឋាគារធំជាងគេលំដាប់ទី១ នៅតាកែវ។
ខ្ញុំបាទពិតជាមានភាពកក់ក្តៅណាស់ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម។ ជាចុងក្រោយនេះ សូមអរគុណដល់គណៈគ្រប់គ្រងខេត្តតាកែវទាំងមូល និងសូមបួងសួងដល់ទេវតា ឆ្នាំចាស់និងឆ្នាំថ្មី ឱ្យជំងឺកាចសាហាវនេះ ផុតរលត់យ៉ាងឆាប់រហ័ស និងជូនពរជនរួមឈាមខ្មែរ ទាំងអស់ឱ្យមានសេចក្តីសុខល្អ ឆ្លងផុតឧបសគ្គនានាដែលកើតមានឡើង»។
សូមបញ្ជាកថា៖ ទឹកចិត្តដ៏ល្អរបស់ម្ចាស់សណ្ឋាគារខាងលើ ជួយគ្នាក្នុងគ្រាមានទុក្ខលំបាក បានធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរពីទឹកចិត្តលោកថា ជាមនុស្សល្អខ្លាំងណាស់ អ្នកខ្លះថែមទាំងជូនពរលោកឲ្យមានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ ហើយរកស៊ីមានបាន និងចាត់ទុកជាពលរដ្ឋល្អក្នុងសង្គម បានលៈបង់នូវទឹកចិត្តដ៏ទូលាយ ដើម្បីបម្រើអោយផលប្រយោជន៍ជាតិ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print