ខេត្តកណ្តាល៖ ទីតាំងបើកល្បែងហ្គេមបាញ់ត្រីកើតមានជាច្រើនកន្លែងនៅក្រុងតាខ្មៅដែលគេអះអាងថាម្ចាស់ទីតាំងខាងលើបានរត់ពីភ្នំពេញមកបើកលេងទាំងថ្ងៃទាំងយប់មិនញញើតនឹងសមត្ថកិច្ចឡើយ ព្រោះមានការសម្របសម្រួលពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ហ្គេមបាញ់ត្រីនៅក្រុងតាខ្មៅមានជាច្រើនកន្លែងដូចជា នៅតាមបណ្តោយផ្លូវលេខ២០៥ខាងត្បូងរោងកុនតាខ្មៅប្រមាណ១០០ម៉ែត្រ និងនៅម្តុំស្រះត្រីខាងលិចឈាងខាងត្បូងពន្ធដាខេត្តកណ្តាល ដែលគេបើកលេងយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ មិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ។
មន្ត្រីមូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ហ្គេមបាញ់ត្រីនៅខាងត្បូងរោងកុនតាខ្មៅនោះ គេបើកដំណើរការបានទាំងថ្ងៃទាំងយប់ ដោយសារតែមានអ្នកកាងជាកូននាយឧត្តមសេនីយ៍ម្នាក់បំរើការងារនៅក្រសួងមហាផ្ទៃ ទើបគ្មានសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានចូលទៅបង្រ្កាបនោះទេ សូម្បីតែទៅក្បែរក៏មិនហ៊ានដែរព្រោះខ្លាចអស់បុណ្យសក្តិ ។
កន្លងមកគេសង្កេតឃើញ សមត្ថកិច្ចចុះបង្រ្កាបទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែងដែរ តែទីតាំងហ្កេមខាងលើមិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេ ជាហេតុបង្កកើតមានអំពើអសន្តិសុខ លួច ឆក់ ប្លន់ ដោយសារតែចាញ់ល្បែងស៊ីសងខាងលើ ។
ពាក់ព័ន្ធល្បែងហ្គេមបាញ់ត្រីខាងលើអ្នកយកព័ត៌មាននគរវត្ត បានសុំការបំភ្លឺពីលោក ហេង ធៀម អភិបាលក្រុងតាខ្មៅ លោកបានបញ្ជាក់ថា “ខ្ញុំមិនដឹងថាមានហ្គេមបាញ់ត្រីកើតមាននោះទេខ្ញុំចាត់មន្ត្រីអោយចុះត្រួតពិនិត្យ” ហើយបើមានមែនលោកនឹងដឹកនាំកម្លាំងចុះបង្រ្កាបឲ្យទាល់តែបាន បើទោះជាមានខ្នងបង្អែកអ្នកធំយ៉ាងណាក៏ដោយ ។
ប្រជាពលរដ្ឋសង្ឃឹមថា លោក ហេង ធៀម ប្រាកដជាបង្រ្កាបទីតាំងខាងលើនោះជាមិនខាន ។ ប្រជាពលរដ្ឋក៏បានសម្តែងការសាទរ នឹងសង្ឃឹមលើចំណាត់ការរបស់លោកចៅហ្វាយក្រុងតាខ្មៅ ព្រោះកូនៗរបស់ពួកគាត់គេចពីផ្ទះ មិនចូលសាលា ក៏ព្រោះតែវក់នឹងល្បែងស៊ីសងហ្គេមបាញ់ត្រីដែលបើកជាចំហរមិនខ្លាចញញើតនឹងសមត្ថកិច្ចយ៉ាងដូច្នេះ ៕
...
ដោយ៖ ស្អាងជ័យ