ភ្នំពេញ៖ ទឹកចិត្តជាឪពុកម្តាយ ប្ដីប្រពន្ធ២នាក់ ខំវេចខ្ចប់បាយដេីម្បីយកទៅអោយកូនដែលកំពុងជាប់ឃុំ នៅពន្ធនាគារព្រៃស មិនទាន់បានទៅដល់ពាក់កណ្ដាលផ្លូវផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តក្រុមហ៊ុន ជីប ម៉ុង បុកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ កេីតឡេីងនៅវេលាថ្ងៃត្រង់ទី២៤ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលេខ២១៧ ភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រជាពលរដ្ឋ អះអាងថា៖ រថយន្តបង្កជារបស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាប្រភេទរថយន្តដឹកដែក ពាក់ស្លាកលេខកោះកុង 3A-0390 បេីកបរដោយ ឈ្មោះ សុឹម ពន្លក អាយុ២៧ឆ្នាំ បានបុកគ្នានៅរង្វង់មូលកួរស្រូវរួចព្យាយាមបេីករត់រហូតដល់ចំណុចស្តុបបាគូរ មិនព្រមឈប់ស្តុប ក៏បង្កហេតុមួយជាន់ទៀតមកបុកប្ដីប្រពន្ធទាំង២នាក់ ដែលកំពុងឈប់រង់ចាំស្តុបពីក្រោយពេញទំហឹងនិងអូសជនរងគ្រោះប្រហែលជិត១០០ម៉ែត្រដាច់ខ្លួនធ្លាយខួរបណ្ដាលឲ្យស្លាប់ភ្លាមៗទាំង២នាក់ប្ដីប្រពន្ធយ៉ាងអាណោចអាធ័ម ។
បន្ទាប់ពីព្យាយាមបេីករត់គេច ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនអ្នកបើកបរ បញ្ជូនអោយទៅសមត្ថកិច្ចយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណឡេីយ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានធ្វេីកំណត់ហេតុនិងវាស់វែងទីតាំងកន្លែងកេីតហេតុ រួចទាក់ទងទៅគ្រួសារជនរងគ្រោះដេីម្បីយកសពទៅធ្វេីបុណ្យតាមប្រពៃណី ។
ចំណែក មធ្យោបាយនិងជនបង្ក ត្រូវបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ពាក់ព័ន្ធបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏កាចសហាវជាងជំងឺអាសន្នរោគទៅទៀតនោះ គួរណាស់សមត្ថកិច្ចពង្រឹងលើការត្រួតពិនិត្យពីបណ្ណបើកបរ មានសារធាតុញៀន មានជាតិស្រវឹង មិនគោរពច្បាប់ចរាចរណ៍ ដោយកុំគិតពីឡានដឹកជញ្ជូនរបស់ក្រុមហ៊ុនអ្នកមានអំណាច ឯកជន ។ល។ ដើម្បីសុវត្ថិភាពដល់អ្នកដំណើរលើដងផ្លូវ៕
ដោយ៖ សិលា