សម្តេច ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងថា៖ «អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង កុំធ្វើដំណើរចេញក្រៅប្រសិនមិនមានការចាំបាច់ នៅលេងជាមួយប្រពន្ធកូននៅផ្ទះទៅ»។ «បើគ្មានការចាំបាច់ គឺមិនចាំបាច់ចេញទៅណាទេ វាចំណេញទី១ -គឺចំណេញការងារអត់ឱ្យរោគចូលផ្ទះយើងបាន និងទី២-ចំណេញសាំងឡាន សាំងម៉ូតូ ផ្អាកមួយរយៈទៅ ទម្រាំដល់សភាពការស្ងាត់មិនទាន់យឺតពេលទេ»។
សូមបញ្ជាក់ថា៖ គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ (ជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥៨នាក់ ក្នុងចំណោមនោះ ក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ តាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គឺជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ព្រឹកមិញ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយក្នុងនោះមានការអនុវត្តវិស្សមកាលមុនការកំណត់ ការបិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារៈមន្ទីរនានាជាដើម។
កម្ពុជាបាន រៀបចំសណ្ឋាគារ សាលារៀន ផ្ទះសំណាក់ ដើម្បីជាទីតាំងកន្លែងសម្រាប់ព្យាបាលអ្នកដែលគ្រូពេទ្យជំនាញធ្វើតេស្តថាមានវិជ្ជមានកូវីដ-១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print