ក្មេងស្រីម្នាក់ដើរធ្លាក់ស្ពាន លង់ទឹកស្លាប់ដោយគ្មានអ្នកដឹង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់ដើរឆ្លងស្ទឹងស្ទឹងសែន បានធ្លាក់ពីលើស្ពាន បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលម្តាយដេកលក់ នៅពីវេលាម៉ោង១៩​និង០០នាទី ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពក្មេងរងគ្រោះ មាន ឈ្មោះ ថន សុម៉ាលី ភេទស្រី អាយុ ០៥ ឆ្នាំ ឪពុកឈ្មោះ ឆាត ថន អាយុ ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ និង ម្តាយឈ្មោះ ឈន យ៉ុង អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

   តាមការបំភ្លឺពីឪពុកក្មេងរងគ្រោះបានអោយដឹងថាកាលពីវេលាម៉ោងប្រហែល ១៤និង០០ នាទី ខ្លួនមកពីការប្អូននៅត្រើយស្ទឹងម្ខាង នាំកូនជាជនរងគ្រោះដើរឆ្លងស្ទឹងត្រឡប់មកផ្ទះវិញ ហើយបានងូតទឹកពាងឲ្យកូនរួចឲ្យលុយវា ១០០០រៀលហើយខ្លួនក៏ដេកលក់នៅនឹងផ្ទះ  លុះល្ងាចម៉ោងប្រហែល ១៧,៣០ នាទីបាត់មិនឃើញកូន ក៏ឆោឡោដើររក រហូតដល់ម៉ោង ១៨និង៤០ នាទី ចុះទៅរាវរកក្នុងស្ទឹងកន្លែងនាំកូនឆ្លងក៏ប្រទះឃើញកូនលង់ទឹកស្ទឹងដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

  សមត្ថកិច្ចបានអោយដឹងថាក្រោយពីទទួលបានព័ត៌មានបានចុះពិនិត្យជាក់ស្តែងពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធករណីឃាតកម្មឡើយ ក្នុងពោះសាកសពក្មេងមានទឹកទើបសណ្ឋានថាការស្លាប់នេះមូលហេតុ ក្មេងរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនរួចក៏ប្រគល់សាកសពអោយឪពុកម្ដាយចាត់ចែងធ្វើបុណ្យ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print