អាមេរិក៖ ទីផ្សារមូលបត្រ នៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះ ជាច្រើនសប្តាហ៍ជាប់គ្នា ដោយសារតែការវាយប្រហារដោយកូវីដ-១៩ ហើយប្រទេសជាច្រើនបានបិទ ព្រំដែន និងផ្សារទំនើប ។ ជាមួយគ្នានេះ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ មិនដឹងថា ពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។
ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ចំណាយ ជួយសល់សេដ្ឋកិច្ចបញ្ចៀសផលប៉ះពាល់ដោយសារតែ កូវីដ-១៩ បានជួលដល់ទីផ្សារមូលបត្រ នៅក្នុងតំបន់អាស៊ី និងលើពិភពលោក មានសន្ទុះកើនឡើងវិញ ដែរ។
សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ព្រឹទ្ធសភា បានយល់ព្រម លើកញ្ចប់ជំនួយសេដ្ឋកិច្ច មួយក្នុងតម្លៃ ១,៨ពាន់ ពាន់លានដុល្លារ ជាហេតុនាំឲ្យទីផ្សារភាគហ៊ុន នៅអាស៊ី មានការកើនឡើង ខ្ពស់។
ទីផ្សារភាគហ៊ុន បានកើនឡើងខ្លាំង។ រីឯផ្សារហ៊ុននៅ Wall Street សហរដ្ឋអាមេរិក និងផ្សារហ៊ុន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មានការ កើនឡើង កាលពីថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីការប៉ាន់ស្មានថា នឹងមានកិច្ចព្រមព្រៀង លើកញ្ចប់ជំនួយសេដ្ឋកិច្ច អាមេរិកកើតឡើង ។
ទីផ្សារភាគហ៊ុន នៅអាស៊ី ក៏បានកើនឡើងខ្លាំងដែរ នៅក្នុងការជួញដូរ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ សន្ទស្សន៍ភាគហ៊ុនជប៉ុន Nikkei 225 បានកើនឡើង ៧,៩ភាគរយ ក្រោយពី ព័ត៌មាន ដ៏ល្អនេះ ផ្សព្វផ្សាយ ។
កញ្ចប់ថវិកាជំនួយ របស់អាមេរិក រួមបញ្ចូល ថវិកា សម្រាប់សង្គ្រោះ ដល់ឧស្សាហកម្ម ទាំងឡាយ ដែលរងផលប៉ះពាល់ បណ្តាលមកពីវិបត្តិ នៃការឆ្លងរាតត្បាត វីរុស កូវីដ១៩។
នៅសហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones Industrial Average បានកើនឡើងបំផុត ក្នុងមួយថ្ងៃ មិនដែលធ្លាប់មាន ចាប់តាំងពីឆ្នាំ១៩៣៣នោះមក។ ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ កញ្ចប់ថវិកាជំនួយនេះ មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយដែរ។
ទីផ្សារ នៅអាស៊ី, សន្ទស្សន៍ Hang Seng នៅហុងកុង បានកើនឡើង ៣,១ ភាគរយ ហើយ សន្ទស្សន៍ ភាគហ៊ុនរបស់ចិន Shanghai Composite បានកើនឡើង ២ភាគរយ នៅក្នុងការជួញដូរ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា នៅក្នុងខែនេះ ទីផ្សារហ៊ុនអាមេរិក Dow Jones Industrial Average បានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ចំនួន ៥ថ្ងៃមកនេះ ហើយធ្លាក់ចុះបំផុត ចំនួន ៥ថ្ងៃ មិនធ្លាប់ មាន ក្នុងប្រវត្តិសាស្ត្រ របស់ខ្លួន ក្នុងរយៈ ពេល ១៣៥ឆ្នាំ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ផ្សារភាគហ៊ុន Wall Street, ផ្សារហ៊ុន Dow Jones បានកើនឡើង ដល់ ១១,៤ ភាគរយ ដែលមិនធ្លាប់ មាននោះឡើយ ចាប់តាំងពី ពេលវិបត្តិសេដ្ឋកិច្ច ពិភពលោក (Great Depression) នា ឆ្នាំ ១៩៣០នោះមក ៕
ដោយ៖ ធីរីណា