ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នៅមុខទីហាងលក់វ៉ែនតាហ្គ្រេនអុបទិក លើកំណាត់ផ្លូវ១៥៤កែងនិងផ្លូវព្រះនរោត្តបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញបុរសជាជនជាតិបរទេសម្នាក់ ដេកសន្លប់ស្តូកស្តឹងលើចញ្ចើមផ្លូវមិនដឹងមូលហេតុ ។
ប្រជាពលរដ្ឋរស់នៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា បុរសជនបរទេស ប៉ុន្តែមិនដឹងជាជនជាតិអីនិងមិនដឹងថាស្នាក់នៅទីណាហើយដើរទៅណាមកណាណោះណាទេ គ្រាន់តែដឹងថាគាត់ មានអាយុប្រមាណ៣៥ឆ្នាំប៉ុណ្ណោះ ។ លុះមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញដួលសន្លប់បាត់មាត់បាត់ក មិនដឹងមូលហេតុធ្វើឲ្យប្រជាពលរដ្ឋឃើញដូច្នេះនាំគ្នាភ័យទូរស័ព្ទប្រាប់នគរបាលមូលដ្ឋានឲ្យចុះមកមើលនិងទំនាក់ទំនងហៅរថយន្តសមុយ ដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
បើតាមការឲ្យដឹងពីបុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កន្លងមកគឺកាលពីយប់ថ្ងៃទី០៩ខែមករា បុរសជនជាតិបានមកដេកដួលនៅទីនោះម្តងរួចមកហើយ ប៉ុន្តែសមត្ថកិច្ចបានដាស់ឲ្យភ្ញាក់ដើរចេញទៅបាត់ទៅ ។ លុះដល់យប់កើតហេតុ ស្រាប់តែឃើញមកម្តងទៀតទើបសមត្ថកិច្ចសង្ស័យថាគាត់បែកថ្នាំឬក៏ស្រវឹងស្រាជ្រុលរួចមកដួលសន្លប់ស្តូកស្តឹង នៅទីនេះម្តងទៀត ៕
ដោយ៖ ប្រាថ្នា