ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី ២៥ ខែ មីនា នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, ត្រូវមានអនាម័យផ្ទាល់ខ្លួន និងក្នុងក្រុមគ្រួសារ, ត្រូវដុសលាងសំអាតដៃជាមួយអាកុល ឬទឹកចឹលសម្លាប់មេរោគនិងបាក់តេរី, ត្រូវពាក់ម៉ាស ឬប្រើក្រមាដើម្បីកុំអោយឆ្លងមេរោគពីម្នាក់ទៅម្នាក់ ឬពីគេមកយើង និងពីយើងទៅគេ, នឹងស្ម័គ្រចិត្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកមួយរយៈ មុនពេលដឹងលទ្ធផលនៃការធ្វើតេស្តតើវិជ្ជមានឬអវិជ្ជមាន ជាពិសេស បងប្អូនកូនក្មួយពលករ ដែលទើបវិលមកពីប្រទេសថៃ គឺសូមដាក់ខ្លួនឯងរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សិន ដោយមិនត្រូវទៅជិតប្រពន្ធ ឬ ប្តី ឬកូនដាច់ខាត។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស រាប់ទាំងមន្រ្តីនៃសមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា និងមន្រ្តីនៃរាជរដ្ឋាភិបាល ត្រូវចុះអប់រំផ្សព្វផ្សាយតាមមូលដ្ឋាន ហើយជួយទិញម៉ាស ឬក្រមាចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ សូមជួយផ្តល់ជាស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ និងត្រីខ ដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រស្ថិតនៅក្នុងស្ថានភាពលំបាកនេះ។ សូមកុំចាំហៅគាត់មកចូលរួមប្រជុំ គឺយើងត្រូវតែចុះទៅដល់ទីកន្លែងរស់នៅរបស់គាត់តែម្តង។
ត្រូវត្រៀមរៀបចំសំភារៈអោយបានគ្រប់គ្រាន់សម្រាប់ផ្សព្វផ្សាយឃោសនាអប់រំអំពីជំងឺឆ្លងកូវីឌ-១៩ ហើយត្រូវជ្រើសរើសទីកន្លែងផ្សព្វផ្សាយដែលពលរដ្ឋអាចស្តាប់ឮសម្លេងច្បាស់ល្អតាមការចាក់ផ្សាយពីមេក្រូបំពងសម្លេង៕
ដោយ៖ សុខ ខេមរា