ចិនចាត់វិធានការតឹងតែង ទប់ស្កាត់នាំកូវីដ-១៩ចូលពីខាងក្រៅ

ចែករំលែក៖

ប្រទេសចិន៖ នៅក្នុងប្រទេសចិន មិនមានការណីឆ្លងកូវីដ-១៩ថ្មីឡើយ ជាច្រើនថ្ងៃជាប់ គ្នា ប៉ុន្តែចិនបែជារកឃើញការណីឆ្លងច្រើន សម្រាប់អ្នកដំណើរចូលមកពីក្រៅប្រទេសទៅវិញ ។ កត្តាទាំងនោះហើយបានជាចិនសម្រេចបិទជើងហោះហើរ រឹតបន្តឹងអ្នកដំណើរបរទេស ខណៈពិភពលោក មានអ្នកឆ្លងកើនឡើងខ្ពស់ ដល់ទៅជាងកន្លះលាននាក់ហើយ ។
សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី ២៧ ខែមីនា ឆ្នាំ២០២០បានផ្សាយថា៖ អាជ្ញាធរចិនបានប្រកាសថា នឹងកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួន ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង ហើយក៏នឹងហាមឃាត់ការធ្វើដំណើរចូលវិញរបស់ជនបរទេស ដែលរស់នៅក្នុងប្រទេសចិនផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ខណៈដែលករណីនាំចូលអ្នកជំងឺនេះពីក្រៅប្រទេស ហាក់ដូចជាកំពុងកើនច្រើនឡើងៗ។
ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាចុងក្រោយនេះ ប្រទេសចិនមិនបានរាយការណ៍ អំពីករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ឡើយ លើកលែងតែករណីឆ្លងនាំចូលពីប្រទេសខាងក្រៅប៉ុណ្ណោះ។ ប្រការនេះវាបានធ្វើឲ្យមានក្តីព្រួយបារម្ភ កាន់តែខ្លាំងជុំវិញរឿងនេះ ខណៈករណីនាំចូលអ្នកផ្ទុកជំងឺ COVID-19 ពីក្រៅប្រទេសបានកើនឡើងលើសពី ៥០០ករណី ទៅហើយនៅទូទាំងប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា ទោះបីជាជនបរទេស ដែលមានទិដ្ឋាការត្រឹមត្រូវ និងមានការអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសចិនក៏ដោយ ក៏នឹងត្រូវហាមឃាត់ មិនឲ្យវិលចូលប្រទេសចិនវិញដែរ ដោយនឹងចាប់ផ្តើមអនុវត្ត នៅថ្ងៃអាទិត្យសប្តាហ៍នេះតែម្តង។ ជាមួយគ្នានេះក្រសួងក៏បានបន្ថែមទៀតថា «ការហាមឃាត់នេះគឺជាវិធានការបណ្តោះអាសន្នមួយ ដែលប្រទេសចិនត្រូវតែធ្វើឲ្យខាងតែបាន ដើម្បីទប់ស្កាត់ការនាំចូលករណីថ្មីៗក្នុងប្រទេស»។
តែទោះយ៉ាងណា មន្ត្រីការទូត និងនាវិកនៃក្រុមហ៊ុនអាកាសចរណ៍ ព្រមទាំងនាវាអន្តរជាតិនឹងត្រូវបានលើកលែងចំពោះវិធានការនេះ។ នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងដដែល៕

...

ដោយ៖ ធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print