Update ៖អង្គភាពយោធភូមិភាគទី៥ ប្រគល់ខ្លួនជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ដល់មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពី លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ចនិងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ប្រព្រឹត្តអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនបង្កជាយោធាទាំង២រូប អោយទៅខាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា៖ ការប្រើអំពើហិង្សានេះ ត្រូវបានគេចែកចាយនូវវីដេអូធ្វើសកម្មភាព ដែលបានបង្ហាញពី សកម្មភាពប្រើអំពើហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចមួយក្រុមជាយោធា ទៅលើជនមានពិការភាពម្នាក់ ដែលជាបុគ្គលិកបម្រើការងារ នៅអគ្គីសនីខេត្តប៉ៃលិន។ ហើយការប្រព្រឹត្តរំលោភចូលលើទីតាំងធ្វើការរបស់គេ ដ៏សហាវព្រៃផ្សៃបំផុត។
លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ៖ «យើងខ្ញុំកំពុងតាមដានករណីនេះដោយយកចិត្តទុកដាក់បំផុត ហើយបានផ្តល់ព័ត៌មាននេះទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់រួចហើយ» ហើយលោក អរគុណដល់លោកឧត្តមសេនីយ៍មេបញ្ជាការ យោធភូមិភាគទី៥ មានចំណាត់ការរឿងនេះ នាំខ្លួនជនបង្ក មកប្រគល់អោយមន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថខេត្តប៉ៃលិន បន្តនីតិវិធី។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ថា ជនមានពិការភាព ត្រូវបានការពារដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ យោងតាមច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ករណីនេះលោក ឯម ច័ន្ទមករា បានស្នើឱ្យ​អាជ្ញាធរស្វែងរកមូលហេតុពិតប្រាកដនិងរកយុត្តិធម៌ដល់ជនរងគ្រោះដែលមានពិការភាព។ លោកអគ្គលេខាធិការរូបនេះបាន បន្តទៀតថា «ប្រសិនបើបុគ្គលិកមានពិការភាពរូបនោះប្រើពាក្យសម្តីឬកាយវិការមិនសមរម្យចំពោះអតិថិជន គម្បីដាក់ពាក្យរិះគន់ដើម្បីស្ថាបនា ទៅប្រធានសាខាអគ្គីសនីនៅទីនោះ មិនគួរប្រើអំពើហិង្សា ដែលផ្ទុយពីច្បាប់ទេ»។

គួរបញ្ជាក់ថា បើយោងតាមការបង្ហោះនៅក្នុងវីដេអូ បានបង្ហាញថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំង វាយបុគ្គលិកអគ្គិសនី ដែលជាជនមានពិការភាព។ បើតាមការបញ្ជាក់បន្ថែម ការប្រើហិង្សាលើបុគ្គលិកមានពិការភាព ដោយសារក្រុមបញ្ជាការពារព្រំដែនលេខ៥០៤ មិនបានទូរទាត់ថ្លៃអគ្គីសនីរយៈពេល៦ខែ ទើបខាងអគ្គិសនីគេផ្តាច់អគ្គិសនី ដែលជាហេតុធ្វើឱ្យកងកម្លាំងនៅបញ្ជាការពារ ៥០៤ មានការខឹងសម្បារ បង្ករជាកំហឹង ទើបនាំបក្សពួកទៅបង្កហេតុ នឹងអុកឡុកប្រើហិង្សារទៅបុគ្គលិក អគ្គិសនីបែបនេះ។ បើតាមឲ្យដឹងពីប្រជាពលរដ្ឋ ហេតុផលដែលមេ កងការពារព្រំដែនលេខ៥០៤ បង់លុយយឺត ទៅខាងអគ្គីសនី ក៏ព្រោះលង់ខ្លួនចាញ់ល្បែងកាស៊ីណូ។

ដោយឡែកអ្នកនាំពាក្យយោធភូមិភាគទី៥ បានអះអាងថា៖ ខាងមេយោធាគាត់បានសុំបង់១ខែ ១លានរៀល ហើយអង្គភាពអគ្គិសនី មិនព្រម និងបន្តទៅដកកុងទ័រ ពីកន្លែងអង្គភាពទាហាននោះ ទើបកើតជាហឹង្សានេះ។

ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាអង្គភាពយោធភូមិភាគទី៥ តម្រូវអោយសមត្ថកិច្ចធ្វើតាមច្បាប់ ដោយគ្មានការយោគយល់ ចំពោះជនប្រព្រឹត្ត ហើយតំណាងក្រសួងសង្គមកិច្ច គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច៕  ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print