ភ្នំពេញ៖ ស្ថានទូតអាមេរិកស្នើកម្ពុជាយោគយល់ដល់ពលរដ្ឋខ្លួន ដែលផុតទិដ្ឋការមិនទាន់អាចត្រលប់ទៅវិញបាន ដោយសារវិបត្តិ Covid-19 តាមរយៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដល់ក្រសួងការបរទេស រាជរដ្ឋាភិបាល។
ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍ស្ថាតទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ដល់ប្រជាជន និងភ្ញៀវ ទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋការ (Visa) ប៉ុន្តែមិនអាចត្រលប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក។
ចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុកន្លងទៅដែលមានពលរដ្ឋអាមេរិកប្រមាណ៦០០នាក់ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះ លោក មូហ្វី បានបញ្ជាក់ថា សហរដ្ឋអាមេរិក សូមថ្លែងអំណរគុណ និងមិនភ្លេចនូវគុណធម៍ មនុស្សធម៍ ចិត្តដ៏ទូលាយរបស់សម្តេចឡើយ។ លោក មូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ដោយបានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ»។
លោកផាតទ្រីក មូហ្វី បានបន្តថា ៖នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនតនេះសិន។
សូមបញ្ជាក់ថា៖ នៅឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកប្រមាណជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់។
បើតាមលោករដ្ឋមន្ត្រី ថោង ខុន ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់នេះទៅ កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។
លោក មូហ្វី បានជម្រាបជូនលោករដ្ឋមន្ត្រី ថោង ខុន ថា បច្ចុប្បន្ន ប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើងហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជាហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ។
កម្ពុជាតែងតែមានការកិច្ចសហប្រតិបត្តិការដ៏ល្អជានិច្ចជាមួយអាមេរិក ក៏ដូចជាប្រទេសដ៏ទៃទៀតលើសកលលោក ៕
ដោយ៖ សហការី