ប្លែកពីតារាដទៃ នូ ឧសភា ចង់ចំណាយពេលស្ម័គ្រចិត្តជួយកុមារៗច្រើនជាងការងារសិល្បៈ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងចម្រៀង កំពុងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ លោក នូ ឧសភា ចាប់ផ្តើមលេចមុខមាត់ខ្លាំងក្នុងសិល្បៈ បន្ទាប់ពីឱកាសចេញថតភាពយន្តខ្នាតធំ និងភាពយន្តភាគល្បីមួយចំនួន។ ទោះជាយ៉ាងណាតារាប្រុសរូបនេះបានប្រកាសទទួលការងារសិល្បៈមានកំណត់មួយ ដើម្បីចង់ទុកពេលវេលាជួយដល់កិច្ចការងារសង្គម ពិសេសទាក់ទងនឹងវិស័យអប់រំជាមួយនឹងកុមារ។
​បង្ហាញមុខក្នុងវិស័យសិល្បៈទើបបានជាង៣ ​ឆ្នាំ ប៉ុណ្ណោះ លោក នូ ឧសភា លេចមាត់ខ្លាំងលើការងារសិល្បៈទាំងការងារសម្តែង និងច្រៀង។ ក្នុងជំនួបផ្ទាល់មួយតារារូបនេះបានបង្ហាញពីគោលការណ៍មួយប្លែក ខុសពីសិល្បករដទៃ ។ លោកថា មិនទទួលការងារសិល្បៈច្រើនជាន់គ្នាក្នុងពេលតែមួយ ទេ ពិសេសលើការងារសម្តែង បើទោះបីជាពេលនេះលោកកំពុងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ទាំងការងារសម្តែង និងច្រៀង។ លោកថាភាពយន្តខ្នាតធំដែលលោកកំពុងសម្តែង គឺរឿង “បង្គោកគ្រាក់សង្កត់វិញ្ញា វគ្គ២” ។តារារូបនេះលើកឡើងថា អាចនឹងប្លែកពីសិល្បករដទៃ ប៉ុន្តែលោកមិនចង់ទទួលការងារច្រើនក្នុងពេលតែមួយដែលពិបាកក្នុងការបែងចែក។ លោកថាការចំណាយពេលវេលាជួយដល់ការងារសង្គមអាចនឹងធ្វើឲ្យលោកសប្បាយចិត្តច្រើន និងជាការចូលរួមចំណែកជួយត្រឡប់ទៅសង្គមវិញ។ សិល្បករវ័យ២៧ឆ្នាំរូបនេះ លើកឡើងដែរថា ក្នុងឆ្នាំនេះលោកមានបំណងស្ម័គ្រចិត្តក្នុងកិច្ចការងារសង្គមណាមួយដែលលោកស្រលាញ់ចូលចិត្ត ពិសេសគឺពាក់ព័ន្ធនឹងវិស័យអប់រំ។ ឆាប់ៗនេះលោកនឹងពិចារណាចូលរួមកម្មវិធីណាមួយដែលសមស្របសម្រាប់លោកផងដែរ ខណៈបទចម្រៀងថ្មីនឹងចេញបម្រើការកម្សាន្តរបស់អ្នកគាំទ្រក្រោយពីការថតភាពយន្តថ្មីរបស់លោកត្រូវបានបញ្ចប់។

ម្ចាស់បទ”ព្រងើយ” រូបនេះលើកឡើងថា​បើទទួលការសម្តែងភាពយន្តលោកសម្តែងតែ១រឿងប៉ុណ្ណោះលុះត្រាថតចប់ភាពយន្តមួយទើបលោកពិចារណាថតភាពយន្តថ្មីមួយទៀត ហើយពេលខ្លះលោកអាចនឹងមិនទទួលប្រសិនបើលោកចង់ផ្តោតអារម្មណ៍ទៅលើវិស័យចម្រៀងនោះ។ ការថ្លែងបែបនេះលោកសង្ឃឹមថាផលិតករ និងទស្សនិកជនប្រាកដជាយល់ និងអធ្យាស្រ័យ។ សិល្បករបញ្ចប់ការសិក្សាលើជំនាញគ្រប់គ្រង និងបដិសណ្ឋាកិច្ចរូបនេះលើកឡើងដែរថាសម្រាប់ការងារក្រៅពីសិល្បៈលោកធ្លាប់ប្រឡូកបានមួយរយៈពេលខ្លីប៉ុន្តែហាក់មិនត្រូវនឹងចំណូលចិត្ត ទើបលោកសម្រេចចិត្តផ្អាក និងឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈវិញ៕

...

ដោយ វឌ្ឍនា
.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print