ពិភពលោក៖ មកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាល កូវីដ-១៩ នៅឡើយទេ ហើយអ្នកឆ្លងនិងស្លាប់ កើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ។
នៅថ្ងៃ ទី៣១ ខែមីនា ប្រទេសចំនួន ២០០ នៅលើពិភពលោក បានឆ្លងកូវីដ-១៩ ។ តាមសារព័ត៌មាន Worldometers បានផ្សាយថា នៅថ្ងៃចុងក្រោយនៃ ខែមីនា មានដល់ទៅ ២០០ប្រទេស និងតំបន់ បានឆ្លងកូវីដ-១៩ ។ នៅក្នុងបញ្ជីប្រទេសទី ២០០ ដែលឆ្លងកូវីដនោះគឺជាប្រទេស Botswana ស្ថិតនៅទ្វីបអាហ្វ្រិក។
ប្រទេសBotswana មានពលរដ្ឋ តែ ២,៣លាននាក់ប៉ុណ្ណោះ ស្ថិតនៅ ភាគខាងត្បូង ទ្វីបអាហ្វ្រិក បានរកឃើញពលរដ្ឋ ៣នាក់បានឆ្លង កូវីដ-១៩ នៅថ្ងៃទី ៣១ខែមីនា ក្លាយជាប្រទេសទី៤៨ក្នុងទ្វីបអាហ្វ្រិកឆ្លងកូវីដ-១៩ និងជាប្រទេសទី ២០០ នៅលើពិភពលោកបានឆ្លងវីរុសនេះ។
ជាមួយគ្នានេះមានប្រទេសចំនួន ៦ក្នុងទ្វីបអាហ្វ្រិក មិនទាន់មានករណីឆ្លងកូវីដ-១៩ នៅឡើយទេ ក្នុងនោះមានប្រទេស Lesotho, Malawi, Burundi, Sierra Leone, Sudanខាងត្បូង និង ភាគខាងលិច Sahara។
ចំណែកនៅក្នុងទ្វីបអាស៊ីវិញ មាន៤ប្រទេសមិនទាន់មានករណីឆ្លងកូវីដ-១៩ នៅឡើយទេ ក្នុងនោះមាន កូរ៉េខាងជើង Tajikistan, Turkmenistan និង Yemen ។ គិតដល់វេលាម៉ោង ១១ថ្ងៃទី ៣១ខែមេសា នៅទូទាំងពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ ៧៨៥ ៧១២នាក់ ស្លាប់៣៧ ៨១៤នាក់។ ជាមួយគ្នានេះក៏មានអ្នកជាសះស្បើយពីជំងឺ កើនឡើងដល់ ១៦៥ ៦០៦ ផងដែរ ។
អាមេរិកជាប្រទេសនាំមុខគេ ដោយមានអ្នកឆ្លង សរុប ១៦៤ ២៤៨ នាក់ ក្នុងនោះមានរដ្ឋញូវយ៉ក ច្រើនជាងគេ ដោយមានដល់ទៅ ជាង ៦៧ពាន់នាក់ ៕
ដោយ៖ ធីរីណា