លោក ឃួង ស្រេង៖ជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយ ការដាក់លូនៅត្រពាំង ជ្រៃ  ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសា ឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថាន ភាពការស្តារ ប្រឡាយ ការដាក់លូ នៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារ នេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យ បានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។

មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថី សហព័ន្ធរុស្ស៊ីនេះ គឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចម្ការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជ ដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រ ក្នុងនោះមានការងារដាក់លូជ្រុលមួយជួរ មានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀង ចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់លូមានប្រវែង៥០០ម៉ែត្រ ទទឹង ៣ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ ទទឹង៧ម៉ែត្រនិងប្រវែង៧០០ម៉ែត្រទទឹង១០ ម៉ែត្រ ដែលមានផ្ទៃ ក្រឡាសរុប ១៣៦៥០ ម៉ែត្រការ៉េ និងការងារសាងសង់ស្ពានបេតុងមួយទីតាំងឆ្លងកាត់ប្រឡាយទួលសំពៅ(ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យនិងខណ្ឌសែនសុខរាជធានីភ្នំពេញជំហានទី២។

ក្នុងឱកាសនៃការចុះពិនិត្យ មើលស្ថានភាពប្រឡាយខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញ បានជំរុញឲ្យអាជ្ញាធរ ខណ្ឌពិសេស លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើយ៉ាង ណាចុះធ្វើការសម្របសម្រួលនិងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះអោយបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុក ដោយហេតុថា ប្រឡាយខាងលើនេះមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកចេញពីភូមិឋានរបស់ពួកគាត់ពិសេសនៅតំបន់ខាងជើងព្រលានយន្តហោះភ្នំពេញ។

បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានជមជំរុញ ឲ្យក្រុមការងារនៃមន្ទីរសាធារណការរាជធានី ភ្នំពេញ ស្តារក៏ដូចជាស្ថាបនាប្រឡាយនេះឲ្យបានលឿន ហើយចំពោះផលប៉ះពាល់យើងនឹងធ្វើការដោះស្រាយ តាមក្រោយ សំខាន់គឺការស្ដារប្រឡាយនេះឲ្យរួចរាល់ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ ។

ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួលខេត្តកណ្តាលនិងតំបន់ជុំវិញ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print