(ស្រុកពារាំង)៖ នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្ដម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពង្រឹង និងមានវិធានការទប់ស្កាត់បង្ការ វីរុសកូវីដ-១៩ ដែលមានសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមទាំងលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំទាំង៩ សរុប៤១នាក់។
លោក ហុី ធួក អភិបាលស្រុកពារាំង បានឡើងរាយការណ៍ពីសភាពការណ៍ទូទៅជុំវិញស្រុក និងការវិត្រឡប់មកវិញ របស់បងប្អូនពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស និងការចុះអប់រំដល់ប្រជាពលរដ្ឋទូទាំងស្រុក តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្ដម វង្ស ពិសេន ក៏បានលើកឡើងពីសភាពការណ៍ជុំវិញពិភពលោក កំពុងប្រឈមនិងវីរុស កូវីដ-១៩ ដោយឡែកប្រទេសកម្ពុជាយើងក៏មានវីរុសប្រភេទថ្មីនេះកំពុងរាតត្បាតដែរ។ ឯកឧត្ដម បានសង្កត់ធ្ងន់ទៅដល់ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារនៅមូលដ្ឋាន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ កុំមើលស្រាយស្ថានការណ៍ និងមានវិធានការទប់ស្កាត់ អប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីការចម្លង ជៀសវាងមានការឆ្លងរីករាលដាលពីមួយទៅមួយ និងវិធីការពារឱ្យពួកគាត់ចេះអនាម័យ លាងសម្អាតដៃនិងសាប៊ូឱ្យបានញឹកញាប់ ការរស់នៅស្អាត ត្រូវគោរពទៅតាមការណែនាំរបស់គ្រូពេទ្យ បញ្ឈប់ជំងឺភ័យខ្លាច និងជំងឺរើសអើង។
ឯកឧត្ដម ក៏បានប្រគល់ភារកិច្ចឱ្យក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះទៅអនុវត្តជាទិសដៅ៖
– សូមឱ្យក្រុមការងារទាំងអស់ ត្រូវចុះទៅតាមខ្នងផ្ទះទាំងអស់ ទៅពិនិត្យមើល មានពលករចំណាកស្រុក និងធ្វើបច្ចុប្បន្នភាពអោយច្បាស់។
– ចុះសួរព័ត៌មានពីការវិលត្រឡប់របស់បងប្អូនពលករដែលចំណាកស្រុក វិលត្រឡប់មកវិញ ឬអត់ នៅពេលចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
– ត្រូវរៀបចំសាលារៀន(ប្រព័ន្ធទឹក-ភ្លើង) ត្រៀមបំរុងឱ្យបងប្អូនពលករចំណាកស្រុក រស់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ។
– ត្រូវមានពាងទឹកមុខជណ្ដើរផ្ទះ និងសាប៊ូ សម្រាប់លៀងដៃអោយបានញឹកញាប់។
– ហាមមានការប្រមូលផ្តុំគ្នាច្រើន ក្នុងបរិវេណវត្ត នៅពេលចូលឆ្នាំ។
ក្នុងនោះដែរ ឯកឧត្ដម បានឧបត្ថម្ភ ដល់ឃុំទាំង៩ នូវសាប៊ូ Protex ៥០០០ដុំ និងក្នុង១ឃុំទទួលបានថវិកា ១,០០០,០០០៛ សរុបថវិកាអស់ ៩,០០០,០០០៛ និង១,៤០០ដុល្លារ៕
ដោយ៖ សុខ ខេមរា