ប្រទេសឥណ្ឌា៖ ឥណ្ឌា ជាប្រទេសដែលមានពលរដ្ឋច្រើនលំដាប់ទី២ នៅលើពិភពលោក គឺមានដល់ទៅជាង ១៣០០ លាននាក់ ។ ពលរដ្ឋ ឥណ្ឌាភាគច្រើនក្រីក្រ មិនសូវ អនុវត្តអនាម័យបានត្រឹមត្រូវឡើយ។ ដូច្នេះបើមិនទប់ស្កាត់ឲ្យបានមុន កូវីដ-១៩ រាលដាលខ្លាំងនោះទេ នឹងមានសោកនាដកម្មកើតឡើងជាមិនខាន។
បច្ចុប្បន្ន កូវីដ-១៩ បានឆ្លងរាលដាល នៅក្នុងប្រទេសឥណ្ឌា សុរប ១ ៣៩៧នាក់ និងស្លាប់ ៣៥នាក់ គិតមកត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបញ្ជាក់ថា «មកត្រឹម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ (ពេលវេលាក្នុងតំបន់) អ្នកបាត់បង់ជីវិត ដោយសារ កូវីដ-១៩ បានកើនឡើង ៣៥នាក់ ។ ចំនួន អ្នកឆ្លងសរុប ១ ២៣៨នាក់ និងអ្នកជំងឺជាសះស្បើយ ១២៤នាក់ ។
នៅក្នុងរដ្ឋ Kerala តែមួយ មានករណី កូវីដ-១៩ រហូតដល់ ២៣៤នាក់ ខ្ពស់ជាងគេ ។ បន្ទាប់មក គឺរដ្ឋ Maharashtra មាន កូវីដ-១៩ ចំនួន ២១៦ករណី ។
គួរបញ្ជាក់ថា មកត្រឹមថ្ងៃទី៣១ ខែមីនា គឺបានរយៈពេល ៧ថ្ងៃហើយ ដែលរដ្ឋាភិបាលឥណ្ឌាប្រកាស បិទប្រទេស ទាំងស្រុង រយៈពេល ២១ថ្ងៃ ដើម្បីទប់ស្កាតជំងឺឆ្លងរាតត្បាត កូវីដ-១៩ ។
អាជ្ញាធរ ឥណ្ឌា បានអនុវត្តច្បាប់ រិតបន្តឹងការធ្វើដំណើរ យ៉ាងខ្លាំង របស់ពលរដ្ឋ នៅទូទាំងប្រទេស ។ តាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ត្រូវផ្អាក ដំណើរការ ទាំងអស់ លើកលែង តែសេវាកម្មក្នុងពិសេស ដែលទទួលបានការលើកលែងប៉ុណ្ណោះ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌា ថ្លែងថា ការអនុវត្ត បែបនេះ ដើម្បីទប់ស្កាត់ គ្រប់គ្រង ការពារ កូវីដ-១៩ មិនឲ្យរាតត្បាត ខ្លាំង នោះឡើយ នៅក្នុងប្រទេសនេះ ដែលមានប្រជាជន 1,380,004,385 នាក់ ។ បើជំងឺ កូវីដ-១៩ ឆ្លងខ្លាំងនៅ ឥណ្ឌានោះ ច្បាស់ណាស់ថា នឹងពិបាក ក្នុងការ ទប់ស្កាត់មិនខាន ។
គួរបញ្ជាក់ថា កូវីដ-១៩ បានឆ្លង ទៅលើដែនដី និងប្រទេស ២១២ ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សសរុប ៨៥៧ ៤៨៧ នាក់, ក្នុងនោះ បាត់បង់ជីវិត ៤២ ១០៧ នាក់ និង ១៧៨ ០៣៤ នាក់ ជាសះស្បើយ ។ នេះបើតាមប្រភព wikipedia ផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។ កូវីដ-១៩ មិនទាន់មានថ្នាំព្យាបាល ឬវាក់សាំង បង្ការ ការពារជាក់លាក់នៅឡើយទេ ៕
ដោយ៖ ធីរីណា