ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់។ ចំណែករថយន្តបង្ករងការខូចខាតមួយផ្នែកខាងមុខ។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៣០នាទីយប់ថ្ងៃទី០១ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ នៅចំណុចស្តុបផ្សារអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សីទី ៤ខណ្ឌ៧មករា។
តាមអ្នកដែលនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2462បើកបរតាមបណ្តោយផ្លូវលេខ១៨២ក្នុងទិសដៅពីលិចទៅកើតបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានបួងចង្កូតទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់អស់ចំនួនមួយកង់ ។ ចំណែករថយន្តបង្កផ្ទុះពោងសុវត្ថិភាពនិងរងការខូចខាតផ្នែកខាងមុខបន្តដំណើរទៅមុខលែងរួចផងដែរ។
សាក្សីដដែលបានបន្តថា៖ បន្ទាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯងរួចមកអ្នកបើកបរបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ស្រមោលតែម្តងដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរាណ៍ខាងលើពុំបង្កឲ្យមានមនុស្សរងរបួសឬស្លាប់ដោយគ្រាន់តែរងការខូចខាតសម្បត្តិរដ្ឋនិងរថយន្តខ្លួនឯងតែប៉ុណ្ណោះ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅនគរបាលករិយាល័យចរាចរណ៍ផ្លូវគោកស្ទូចយករថយន្តបង្កទៅរក្សាទុកដើម្បីធ្វើករដោះស្រាយគ្នាតាមក្រោយ៕
ដោយ៖ ធឿនព្រែកជ័យ