ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា ក្នុងរយៈពេលជាង១សប្តាហ៍ទៀត កូវីដ-១៩នៅអាមេរិកនឹងឈានដល់កម្រិតកំពូល ។ នៅពេលនេះ មិនទាន់ដល់កម្រិតកំពូលផង តែមានពលរដ្ឋអាមេរិក ស្លាប់ និងឆ្លងកូវីដ-១៩ កើនឡើងខ្ពស់បំផុតនៅលើពិភពលោក គិតរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងរយៈពេល ២៤ម៉ោងមានអ្នកស្លាប់កើនឡើងដល់ទៅ ១០៤៦នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់នៅអាមេរិកកើនឡើងដល់ ៥០៩៩នាក់។ ជាមួយគ្នានេះអ្នកឆ្លងកូវីដ-១៩ក៏បានកើនឡើងជាង២១០ពាន់នាក់ផងដែរ ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ២ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅអាមេរិក ទាំងអស់មាន ២១៤ ៦៣៩នាក់ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ ២៦ ១០៩នាក់។ ទាំងអ្នកស្លាប់និងអ្នកឆ្លង អាមេរិកមានច្រើនជាងគេទាំងអស់ក្នុរយៈពេល២៤ម៉ោង។ ចំនួនអ្នកជំងឺជាសះស្បើយនៅអាមេរិកវិញមាន ៨៨៧៨នាក់ និងអ្នកជំងឺធ្ងន់អាចស្លាប់គ្រប់ពេលមានដល់ទៅជាង៥០០០នាក់។
រដ្ឋជាច្រើននៅអាមេរិក បានប្រកាសអាសន្ន ដាច់ដោយឡែក ដើម្បីទប់ស្កាត់ឆ្លងរាលដាកូវីដ-១៩ កាន់តែខ្លាំងឡើង ។ អភិបាលរដ្ឋFlorida លោក Ron DeSantis បានប្រកាសអាសន្ន ដោយហាមប្រាមពលរដ្ឋចេញក្រៅផ្ទះដើម្បីបញ្ជៀសការឆ្លងកាន់តែច្រើន។ ច្បាប់អាសន្ន ក្នុងរដ្ឋនេះចាប់ផ្តើមអនុវត្តនៅថ្ងៃទី២ខែមេសានេះ។
តាមតួលេខរបស់ Worldometers.info គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២ខែមេសា ក្នុងរយៈពេល២៤ម៉ោងនៅលើពិភពលោកមានអ្នកស្លាប់ថ្មី៤៨៨០នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ៤៧ ១៨៩នាក់ និងអ្នកឆ្លង កើនឡើង៩៣៤ ៨២៥នាក់ ក្នុងនោះអ្នកឆ្លងថ្មីរយៈពេល២៤ម៉ោងចុងក្រោយមានដល់ទៅ៧៦.៤៧០នាក់៕