នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូសេនានុព័ន្ធយោធាថៃប្រចាំនៅកម្ពុជា ជូនពរឆ្នាំថ្មីដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរលោក វរសេនីយ៍ឯក ភីសានុ សារ៉ាធី សេនានុព័ន្ធយោធាថៃប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូមកជូនពរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលនឹងឈានចូលមកដល់នៅ ថៃ្ងទី ១៣-១៤-១៥ខែមេសានេះ។

លោក វរសេនីយ៍ឯក ភីសានុ សារ៉ាធី បានសម្ដែងនូវការជូនពរសព្វសាធុការពរជ័យ សេរីមង្គល បវមហាប្រសើរ ជូនដល់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅទូទាំងប្រទេសកំពុងត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីខ្មែរ។

ជាមួយនោះដែរលោកសេនានុព័ន្ធយោធាថៃ ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំ កងទ័ពភូមិន្ទថៃ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ ដែលនៅក្នុងអាណត្តិការទូតរបស់លោកនៅកម្ពុជា បានបង្កគ្រប់លក្ខណៈសម្បត្តិ ជំរុញឲ្យបេសកកម្មទទួលបានជោគជ័យ ទាំងក្នុងកិច្ចពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ថៃ-កម្ពុជា កាន់តែល្អប្រសើរ។

ជាកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរំលេចពីកិច្ចទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) ក្នុងនាមប្រទេសភូមិផងរបងជាមួយ ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់ជានិច្ច។

ពាក់ព័ន្ធដល់វិធានការទប់ស្កាត់ការរីករាលដាលមេរោគផ្លូវដង្ហើម(COVID-19) នាយឧត្ដមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីតួនាទីរបស់កងយោធពលខេមរភូមិន្ទដែលជាកម្លាំងស្រួចបានត្រៀមខ្លួនជាស្រេច ក្នុងការអន្តរាគមន៍ជួយសង្គ្រោះតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print