វិភាគព័ត៌មានអន្តរជាតិ៖ ឥទ្ធិពលរបស់ចិននិងរុស្ស៊ីនៅលើពិភពលោកកាន់តែខ្លាំងឡើងខណអាមេរិកជាប់រវល់ទប់ទល់កូវីដ-១៩

ចែករំលែក៖

មកដល់ថ្ងៃទី៣ខែមេសា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក បាន កើនឡើងដល់ទៅ ជាង ១លាននាក់ហើយ ក្នុងនោះមួយភាគបី នៃករណីនេះ កើត នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាមេរិក មានករណីស្លាប់ថ្មី ដល់ទៅជាង ១១៦៩នាក់ ធ្វើឲ្យអ្នកស្លាប់កើនឡើងជាង ៦ពាន់នាក់ និងឆ្លងបានកើនឡើងដល់ជាង ២៤៤ពាន់នាក់ ក្នុងនោះចំណែកអ្នកជាសះស្បើយ ជាង ១០ពាន់នាក់។
សហរដ្ឋអាមេរិក គឺជាទីកន្លែងដែលវីរុស COVID-19 កំពុងឆ្លងរាតត្បាតខ្លាំងជាងគេបំផុត នៅលើពិភពលោក ដោយមានអ្នកឆ្លងយ៉ាងតិច ២៣៦ ៣៣៩នាក់ ហើយក្នុងនោះ អ្នកជំងឺ ៥៦៤៧ នាក់ បានស្លាប់។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអ៊ីតាលី មានអ្នកជំងឺ COVID-19 សរុប ១១៥ ២៤២នាក់ និងមានអ្នកស្លាប់ រហូតដល់ ១៣ ៩១៥នាក់ បណ្តាលមកពីវីរុស ដ៏កាចសាហាវមួយនេះ។
អេស្ប៉ាញ និងអាល្លឺម៉ង់ ជាប្រទេស ទីបី និងទី ៤ដែលមានអ្នកជំងឺ COVID-19 ច្រើនបំផុត ហើយបន្ទាប់មកគឺប្រទេសចិន។ ប្រទេសចិន ជាទីផ្ទុះឡើង នៃ COVID-19 ដំបូង គេនៅ ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល ចិននោះ បានធ្លាក់ចុះ មក នៅ លេខរៀងទី៥ ជាប្រទេស ឆ្លង រាតត្បាត ដោយវីរុស COVID-19 ។
អេស្ប៉ាញ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១១០ ២៣៨នាក់ ក្នុងនោះ ១០ ០៩៦នាក់ បានបាត់បង់ជីវិត ខណៈនៅអាល្លឺម៉ង់ មានអ្នកឆ្លង COVID-19 ចំនួន ៨៤ ៦០០នាក់ ក្នុងនោះបាត់បង់ជីវិត ១ ០៩៧ នាក់ ។
បើទោះជាអ្នកជំងឺ COVID-19 នៅជុំវិញពិភពលោក បានបណ្តាលឲ្យស្លាប់ មនុស្ស ជាង ៥២ ០០០ ក៏ពិតមែន ។ ប៉ុន្តែ អ្នកជំងឺ ប្រហែល ២០៨ ៩៤៩ នាក់ បានជាសះស្បើយវិញផងដែរ។
ថ្មីៗនេះមានការព្យាករណ៍ថា អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក អាចនឹងបាត់បង់ជីវិត ចន្លោះពី១០០ពាន់នាក់ដល់ ២៤០ពាន់នាក់ ប្រសិនបើជាមិនមានការអន្តរាគមន៍ទេនោះ ។
ក្រុមអ្នកជំនាញ បានអះអាងថា អ្នកជំងឺ COVID-19 អាចនឹងស្លាប់ កើនដល់២,២ លាននាក់ បើសិនពុំមានការអន្តរាគមន៍ទេនោះ។
អាមេរិកនិងសម្ព័ន្ធមិត្តរវល់តែធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ ទុកឲ្យមានចន្លោះប្រហោងជាច្រើន នៅលើពិភពលោក ។ ចំណុចទាំងនោះហើយ បានជាអ្នកឯកទេសវិភាគលើកឡើងថា កូវីដ-១៩ បើកទ្វារឲ្យ ចិននិងរុស្ស៊ី «ជំនួស»កន្លែងអាមេរិកនៅលើឆាកអន្តរជាតិ។
រុស្ស៊ីនិងចិន កំពុងតែបង្កើនឥទ្ធិពលជាមេដឹកនាំពិភពលោក ដោយ ប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើន ដើម្បីជួយដល់បណ្តាប្រទេសមហាអំណាច និងប្រទេសទាំងអស់នៅលើពិភពលោក ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩។
បច្ចុប្បន្ន អាមេរិក កំពុងតែ ជាប់ដៃធ្វើសង្គ្រាមប្រឆាំង ការរាតត្បាតនៃវីរុស កូវីដ-១៩ ក្នុងប្រទេស  ក្នុងពេលដែលមានអ្នកស្លាប់ជាង ១ពាន់នាក់ក្នុងមួយថ្ងៃ នឹងឆ្លងរាលដាលរាប់ម៉ឺននាក់។  មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូប បាននិយាយទៅកាន់សារព័ត៌មាន Newsweek ថាហេតុការទាំងនោះបានរារាំងអាមេរិក មិនអាចបំពេញ តម្រូវការរបស់ពិភពលោកបានឡើយ។ ចំណែកចិន និងរុស្ស៊ីវិញ បានបំពេញ ចន្លោះប្រហោង ដែលអាមេរិកបន្សល់ទុក ធ្វើឲ្យឥទ្ធិពលរបស់ប្រទេសទាំងពីរ កាន់តែកើនឡើងនៅលើឆាកអន្តរជាតិ ។
អាចនិយាយបានថា មហាអំណាចទីមួយនៅលើពិភពលោក អាមេរិក និងសម្ព័ន្ធមិត្ត នៅអឺរ៉ុប ទោះបីមិនចង់ ក៏ត្រូវពឹងពាក់ទៅលើចិន និងរុស្ស៊ី ឲ្យជួយក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩ ។ ចិនបានផ្គត់ផ្គង់បរិក្ខាពេទ្យ ជាច្រើន ដល់អាមេរិក និងអឺរ៉ុប។
ក្រុមអ្នកឯកទេសបានលើកឡើងថា ស្ថានភាព នៃការឆ្លងរាលដាលកូវីដ-១៩ អាចនឹងអូសបន្លាយពេញមួយឆ្នាំ ២០២០នេះ នឹងជួយដល់ចិន រុស្ស៊ី បង្កើនឥទ្ធិពលកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ។ អាចនិយាយបានថា ប្រទេសទាំងអស់កំពុងតែជំពាក់គុណចិន រុស្ស៊ី ក្នុងសង្គ្រាមស្លាប់រស់ ប្រឆាំងកូវីដ-១៩។
កូវីដ-១៩ ធ្វើឲ្យទម្រងសេដ្ឋកិច្ចនៅលើពិភពលោកប្រែប្រួល។ អង្គការសហប្រជាជាតិ បានព្រមានថា កូវីដ-១៩ អាចនឹងបង្កឲ្យមានអសន្តិសុខ  អំពើហិង្សា កើតឡើង ជាថ្មី ។
ក្នុងពេលកូវីដ-១៩ ក្លាយជាសកល  មហាអំណាចទីមួយរបស់អាមេរិក បែជាមិនអាចធ្វើអ្វីបាន បើទោះបីមានវិស័យសុខាភិបាល វេជ្ជសាស្ត្រ រីកចំរើនក្តី។ ឃ្លាំងស្តុកសម្ភារសុខាភិបាលអាមេរិក មិនសល់អ្វីឡើយ ត្រូវបង្ខំចិត្តដណ្តើមទំនិញពីសម្ពន្ធមិត្ត បារាំង។ បរិក្ខាពេទ្យ និងម៉ាស់ រៀបចំរួចរាល់នៅលើយន្តហោះ ក៏ត្រូវអាមេរិកដណ្តើមទិញយកផងដែរ ដោយឲ្យតម្លៃ ទ្វេដង ។
ចំណែករុស្ស៊ីវិញ ក៏ដូចគ្នា បើទោះបីកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក តែរុស្ស៊ី បានបញ្ជូនយន្តហោះយោធា ដឹកសម្ភារ ពេទ្យទៅជួយដល់អាមេរិក ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា សកម្មភាពរបស់រុស្ស៊ី និង ចិន មិនជាប់ពាក់ព័ន្ធនិយោបាយឬ ក៏ប្រជែងអំណាចពីអាមេរិក នោះឡើយ គឺជាសកម្មភាពមនុស្សធម៌ ជួយដល់មនុស្សជាតិនៅលើភពផែនដី មិនថា ជាមិត្តឬសត្រូវនោះឡើយ។ សត្រូវរួមរបស់មនុស្សជាតិ គឺកូវីដ-១៩ ហើយពិភពលោកត្រូវតែយកឈ្នះវា ឲ្យបានឆាប់បំផុត ។

មនុស្សជាច្រើនបានសាក់សំណួរសួរថា ប្រសិនបើ ចិនមិនជួយ តើមានប្រទេសណាមួយ ដែលមានលទ្ធភាព សមត្ថភាព ក្នុងការផលិត បានច្រើន ទៅចែកចាយដល់ប្រទេសជុំវិញពិភពលោក បើអាមេរិកអឺរ៉ុក ក៏ត្រូវការចិនជួយដែរនោះ។ ចំណុចទាំងនោះហើយ ឥទ្ធិពលរបស់ចិនកើនឡើងដោយស្វ័យប្រវត្ត តាមរយៈការដឹងគុណ របស់បណ្តាប្រទេស  ពេលមានទុក គឺមានចិនទៅជួយ៕

...

ដោយ៖ ធីរិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print