ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ស្តីពី ការរឹតបន្តឹងសន្តិសុខ សុវត្ថិភាព ទ្វេរដង ជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយ អំពីការបង្ការ និងការពារទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ។ លោកបានធ្វេីការសង្កត់ធ្ងន់ឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សមត្ថកិច្ចតាមការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ លេីការបង្ក្រាបករណីផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាការផ្សព្វផ្សាយលក់ឧបករណ៍ធ្វេីតេស្តកូវីដ ការលក់ថ្នាំព្យាបាល លក់យ័ន្តការពារ ដែលខុសច្បាប់ ជាពិសេសគឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ។ ល ។
ក្នុងឱកាសនោះដែរ លោកស្នងការបានធ្វេីការណែនាំដល់គ្រប់អង្គភាពទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យកម្លាំងតាមបណ្តាអង្គភាពឲ្យបានច្បាស់លាស់ ដេីម្បីបំពេញភារកិច្ចជូនប្រទេសជាតិប្រសិនបេីមានការចាំបាច់ណាមួយ ។
បន្ថែមពីលេីនេះទៀត លោកស្នងការ បានធ្វេីការកោតសរសេីរដល់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានតាមដានខំមិន និងដោះស្រាយជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស ដោយមានការសហការគ្នាបានយ៉ាងល្អ ជាមួយអធិការដ្ឋាននគរបាលទាំង១៤ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ជាពិសេសចំពោះវិធានការយ៉ាងឆាប់រហ័សនេះ ត្រូវបានប្រជាពលរដ្ឋសាទរ ធ្វេីការកោតសរសេីរ និងអរគុណយ៉ាងខ្លាំង ដល់សមត្ថកិច្ចដែលបានចុះដល់គោលដៅភ្លាមៗដេីម្បីធ្វេីការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពផឹកសុី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់ការសម្រាករបស់អ្នកជិតខាង ។
ជាកិច្ចបញ្ចប់ លោកស្នងការ ក៏បានធ្វេីការសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំបម្រេីប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋករណីបង្កា និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តមស្នងការ បានបញ្ជាក់ដល់លោកអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉/២៤ម៉ ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង និងលោកអធិការខណ្ឌទាំង១៤៕
ដោយ៖ សហការី