ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោអាធម៌នៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែគេទាំង២នាក់ជិះម៉ូតូឌុបគ្នាកិចនឹងគំនសម្រាមដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុងល្បឿនលឿនប្រជែងគ្នាកិនជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើកព្យាយាមគេចតែត្រូវសមត្ថកិច្ចដេញឃាត់បាន ។
ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ឋត់នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ ត្រេតសេនធ័រ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ។
បុរសជាជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ជា ដែន អាយុ២៥ឆ្នាំ ជាមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរិវង្ស ខេត្តតាកែវ ។ ចំណែកអ្នកបើករថយន្តបង្ក ទី១ តែម ចាន់ណា អាយុ២២ឆ្នាំ (តៃកុង) ទី២ឈ្មោះ ប្រាក់ ឌី អាយុ២៣ឆ្នាំ (ព្រូ) អ្នកទាំង២មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពពត៌មានពីបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះខាងលើនិងស្រ្តីម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ ទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុកិនគំនសម្រាមដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ពេលនោះមានរថយន្ត២គ្រឿងបានបើកប្រជែងគ្នាក្នុងល្បឿនយ៉ាងលឿន ដោយរថយន្តម៉ាកហ៊ីយ៉ានដាយធនធំដឹកអុស កិនបុរសរងគ្រោះបណ្តាលឱ្យបែកក្បាលធ្លាយខួរបែកខ្ទាតពេញផ្លូវស្លាប់យ៉ាងយ៉ាងអាណោអាធម៌នៅនឹងកន្លែងកើតហេតុ ចំណែកស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ ។ សាក្សីដដែលបន្តថា ស្រ្តីជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្កបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដញឃាត់បាននៅចាក់អង្រែក្រោម ជាមួយនឹងអ្នកបើករថយន្តទាំង២នាក់ផងដែរ ។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូជាមួយនឹងអ្នកបើករថយន្តបង្កទាំង២នាក់ ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ