ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ៣ រួមមាន៖
១- ការពិនិត្យសំណើសុំប្រកាសទទួលស្គាល់ លោកជំទាវ នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ ជំនួស ឯកឧត្តម ជា វ៉ាន់ដេត ដែលបានសុំលាលែង។
២- ការពិនិត្យសំណើសុំផ្លាស់ប្តូរមុខតំណែងតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា។
២-១. ផ្ទេរ និងជ្រើសតាំង ឯកឧត្តម ឡូយ សុផាត ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជំនួស ឯកឧត្តម ជា វ៉ាន់ដេត
២-២. ជ្រើសតាំង ឯកឧត្តម ចាយ បូរិន ជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស ឯកឧត្តម ឡូយ សុផាត
២-៣. ជ្រើសតាំង លោកជំទាវ លី គឹមលៀង ជាលេខាធិការគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស ឯកឧត្តម ចាយ បូរិន
២-៤. ជ្រើសតាំង ឯកឧត្តម ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ជំនួស លោកជំទាវ លី គឹមលៀង
៣- ការពិនិត្យសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន៕
ដោយ៖ សិលា