ភ្នំពេញ ថ្ងៃទី៦ ខែមេសា៖ ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃនេះថា មជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្នកំពុងតែដាក់ឲ្យដំណើរការ ជាភាសារខ្មែរ ក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកព័ត៌មានថ្មីៗ អាចជឿទុកចិត្តបាន ក៏ដូចជាការណែនាំផ្សេងៗពីអាជ្ញាធរសុខាភិបាល ដែលពួកគាត់អាចអនុវត្តតាម ដើម្បីអាចរក្សាសុខភាពល្អ និងជួយគាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់។
មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ដែលស្ថិតនៅខាងលើNews Feed ប្រមូលផ្តុំទៅដោយ ព័ត៌មានថ្មីៗអំពីវីរុសកូវីដ-១៩ និងការណែនាំផ្សេងៗពីអាជ្ញាធរសុខាភិបាលជាតិ និង អន្តរជាតិ ។ មាតិការព័ត៌មានទាំងនោះអាចរកបានជាង ៤០ភាសាផ្សេងៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ។
ផ្នែកខាងលើនៃមជ្ឈមណ្ឌលនេះរួមមាន មានព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីស្ថិតិសំខាន់ៗ និងព័ត៌មានសំខាន់ៗទូទាំងពិភពលោក និងទូទាំងតំបន់។
មជ្ឈមណ្ឌលនេះ ក៏នឹងប្រមូលផ្តុំទៅដោយការណែនាំដ៏ល្អទៅលើការកំណត់គម្លាតក្នុងសង្គម វិធីការពារ និងការណែនាំ ដែលត្រូវធ្វើផងដែរ នៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួន។
អ្នកប្រើប្រាស់ អាចជ្រើសរើសធ្វើការតាមដានមជ្ឈមណ្ឌលនេះ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗពីអាជ្ញាធរសុខាភិបាល នៅលើ News Feed របស់ខ្លួន។
លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook មានប្រសាសន៍ថា៖ «ចំណុចជាអាទិភាព និងការយកចិត្តទុកដាក់ជាចម្បងសម្រាប់យើង គឺការធានាឲបានថា អ្នកប្រើប្រាស់ មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ពីប្រភពសុខាភិបាលដែលអាចទុកចិត្តបាន»។
លោក Zuckerberg បានបន្ថែមទៀតថា៖ «ក្រោមកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងដៃគូសុខាភិបាល ជាច្រើន របស់យើង ក្រុមហ៊ុនបានបង្កើតឡើងនូវមជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណាមួយដែលនឹងបង្ហាញនៅលើគណនី Facebook របស់អ្នកប្រើប្រាស់គ្រប់គ្នា។ យើងនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនូវកម្មវិធីនេះនៅសហអាមេរិក និងអឺរ៉ុប ក្នុងរយៈ ពេល២៤ម៉ោងទៀត ហើយនិងពង្រីកទៅកន្លែងជាច្រើនផ្សេងទៀតក្នុងពេលខាងមុខ។ គោលដៅរបស់ក្រុមហ៊ុន គឺការដាក់ផ្តល់ជួនព័ត៌មានដែលអាចជឿទុកចិត្តបាន ពីអង្គភាពនានា ដូចជាពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក ដល់ប្រើប្រាស់សេវារបស់យើងគ្រប់គ្នា »៕
ចំណងជើងក្រោមរូបភាព: រូបថតដែលបង្ហាញពីមជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ នៅលើអេក្រក់ទូរស័ព្ទ។