ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់វៃទៅលើស្ត្រី ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា “តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ប្រព្រឹត្តនៅលើកោះ៩៣ ភូមិ រាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី។
ជនរងគ្រោះឈ្មោះ សម្បត្តិ លក័្ខ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក០២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះ សន សុង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក០២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលស្រុកកៀនស្វាយ បានអោយដឹងថា៖ ជនរងគ្រោះបានទៅធ្វើស្មៅសំអាតដីរបស់ខ្លួននៅលើកោះក្រោយផ្ទះ ស្របពេលនោះជន សង្ស័យកំពុងបូមទឹកស្រោចដំណាំលើដីជាប់ព្រំជាមួយជនរងគ្រោះ ហើយទឹកបានហូរមកលើដីជនរងគ្រោះ ឃើញដូចនេះ ជនរងគ្រោះបានលើកទុយោទឹករបស់ជនសង្ស័
យ នោះចេញ ភ្លាមនោះជនសង្ស័យខឹងបានជេប្រមាថ ទៅលើជនរងគ្រោះ ព្រមទាំងស្ទុះទៅទះកំផ្លៀងជនរងគ្រោះ មួយដៃស្តាំចំថ្ពាល់ខាងស្តាំបណ្តាលឲ្យវិលមុខដួលទៅលើដី មុតឈើស្រួចចំប្រអប់ជើងខាងស្ដាំចេញឈាម ហើយជ្រុះក្រវិលមួយចំហៀងទៀត ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិនគរបាលរដ្ឋបាលគគីរធំ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ នាំជនសង្ស័យមកប៉ុស្តិដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ឈានដល់បញ្ជូនទៅតុលាការសម្រេចឃុំខ្លួន៕
ដោយ៖ ឆ ដា